អគ្គិភ័យបានឆាបឆេះផ្ទះលក់ដ្រូនមួយកន្លែងក្នុងបុរីលនស៊ីធី យ៉ាងសន្ធោសន្ធៅ បណ្តាលឱ្យមានមនុស្សស្លាប់ម្នាក់ និងរងរបួសធ្ងន់ម្នាក់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៨:៥០នាទីយប់ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ នៅផ្ទះលក់ដ្រូនឈ្មោះ “ប្រូហ្វីត លីងឃើរ (ខេមបូឌៀ)” តាមបណ្ដោយផ្លូវលេខ៩ បុរីលនស៊ីធី ភូមិព្រៃព្រីងខាងត្បូង១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ លី ចិន្ដា ភេទស្រី អាយុ៦៣ឆ្នាំ រងរបួសមួយចំហៀងខ្លួន ត្រូវបានសាច់ញាតិបញ្ជូនទៅមន្ទីរពេទ្យ។ ចំណែកម្នាក់ទៀតមានឈ្មោះ ជា មួយសុង ភេទប្រុស អាយុ៦៤ឆ្នាំ ស្លាប់នៅកន្លែងកើតហេតុ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញអណ្តាតភ្លើងឆេះយ៉ាងសន្ធោសន្ធៅចេញពីក្នុងផ្ទះតាមបង្អូច។ ភ្លាមនោះ ប្រជាពលរដ្ឋដែលនៅក្បែរក៏បាននាំគ្នាយកបំពង់ពន្លត់អគ្គិភ័យមកបាញ់ពន្លត់ ប៉ុន្តែមិនអាចគ្រប់គ្រងបាន ក៏សុំជំនួយពីកងប្រតិបត្តិការរុករក និងសង្រ្គោះគ្រោះមហន្តរាយ៧១១។

ក្រោយពីទទួលបានព័ត៌មានភ្លាម កងប្រតិបត្តិការពន្លត់អគ្គិភ័យបានចេញប្រតិបត្តិការមកដល់ទីតាំងកើតហេតុភ្លាមៗ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង។

ផ្ទះដែលឆាបឆេះខាងលើមានកម្ពស់៣ជាន់ ប្រវែង៤ម៉ែត្រ x ១៣ម៉ែត្រ ស្មើនឹង០២ល្វែង ខូចខាតសម្ភារៈប្រើប្រាស់មួយចំនួន។ ចំពោះមូលហេតុ សមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវ។

ប្រតិបត្តិការពន្លត់អគ្គិភ័យខាងលើគ្រប់គ្រងបាននៅវេលាម៉ោង ៩:១០នាទី ថ្ងៃដដែល។

អត្ថបទ៖ សុខា
