សភាថៃនឹងប្រជុំបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីនៅថ្ងៃទី១៩ ខែមីនា ដោយរំពឹងថាលោក អានុទីន ឆានវីរៈគុល នយាយករដ្ឋមន្ត្រីចាំផ្ទះ នឹងទទួលបានការគាំទ្រពីសមាជិកសភាឱ្យក្លាយជានាយករដ្ឋមន្ត្រីពេញលេញ។

លោក អានុទីន ដែលដឹកនាំគណបក្សភូមិចៃថៃឈ្នះការបោះឆ្នោតកាលពីខែកុម្ភៈ បានកៀរគរគណបក្សផ្សេងៗចូលរួមក្នុងរដ្ឋាភិបាលចម្រុះដែលមានអាសនៈសភាសរុប២៩០។ ការបោះឆ្នោតនេះធ្វើឡើងបន្ទាប់ពីវិបត្តិនយោបាយក្នុងអាណត្តិមុនដែលនាំទៅដល់ជម្លោះព្រំដែនជាមួយកម្ពុជា។

គណបក្សភូមិចៃថៃរបស់លោកអានុទីនបានឈ្នះការបោះឆ្នោតសកលដោយមិននឹកស្មានដល់លើគួប្រជែងគឺគណបក្សប្រជាជនថៃ។ ការឈ្នះនេះបានមកពីកត្តាឱកាសនិយមរបស់លោកក្នុងការទាញយកអត្ថប្រយោជន៍ពីការធ្លាក់ចុះនៃគណបក្សភឿថៃ។

ក្នុងអាណត្តិ៤ខែដែលកន្លងមក រដ្ឋាភិបាលរបស់លោកអានុទីនប្រឈមរឿងអាស្រូវជាច្រើន ជាពិសេសការដោះស្រាយវិបត្តិនៅក្នុងប្រទេសមិនបានល្អ ដូចជាបញ្ហាទឹកជំនន់ គ្រោះធម្មជាតិ និងកត្តាអសន្តិសុខជាច្រើន។ ការបញ្ឆេះកំហឹងជាតិនិយមជាមួយកម្ពុជាបានធ្វើឱ្យគណបក្សរបស់លោកក្លាយជាជម្រើសសំខាន់ក្នុងការបោះឆ្នោត។

លោក អានុទីន បានទទួលជ័យជម្នះរហូតដល់១៩៣អាសនៈសភា ខណៈបក្សប្រជាជនដែលជាគួប្រជែងបានត្រឹមតែ១១៨អាសនៈ ហើយគណបក្សភឿថៃដ៏សំខាន់បានត្រឹមតែ៧៤អាសនៈប៉ុណ្ណោះ។
