សង្គ្រាមអ៉ីរ៉ង់បន្តគ្រប់ជ្រុងជ្រោយ៖ ក្រុងតេហេរ៉ង់ អ៉ីរ៉ាក់ និងតំបន់ឈូងសមុទ្រពែរ្ស រងការវាយប្រហារខ្លាំងក្លាបន្តទៀត ខណៈសង្គ្រាមដែលអ៉ីស្រាអែល និងអាមេរិកបង្កឡើងប្រឆាំងអ៉ីរ៉ង់ឈានចូលថ្ងៃទី១៩។

តម្លៃប្រេងហោះឡើង៥%ទៀតនៅអាស៊ី ដោយសារការព្រួយបារម្ភរបស់ទីផ្សារប្រឈមមុខនឹងជម្លោះដែលបណ្ដាលឲ្យមានអស្ថេរភាពកាន់តែខ្លាំង។ ប្រជាជនក្រុងតេហេរ៉ង់ជួបប្រទះការដាច់ភ្លើងនាពេលយប់ ពេលរដ្ឋធានីអ៉ីរ៉ង់រងការវាយប្រហារខ្លាំងក្លាបន្តទៀត។
នៅអ៉ីរ៉ាក់ ស្ថានទូតអាមេរិករងការវាយប្រហារជាលើកទី២។ នៅក្រុងបាដាដ មនុស្ស៤នាក់បានត្រូវស្លាប់នាព្រឹកព្រលឹមថ្ងៃទី១៧មីនា ដោយសារមីស៊ីលក្នុងសង្កាត់មួយ។ ស្ថានទូតអាមេរិកប្រចាំក្រុងបាដាដរងការវាយប្រហារជាលើកទី២ ចន្លោះពេលគ្នាតែប៉ុន្មានម៉ោង។

មីស៊ីលអ៉ីរ៉ង់១គ្រាប់នាថ្ងៃទី១៨មីនា បានធ្លាក់នៅជិតទីបញ្ជាការដ្ឋានយោធាអូស្ត្រាលីប្រចាំមជ្ឈឹមបូព៌ា ស្ថិតក្នុងមូលដ្ឋានយោធាALMOINHAD ប្រទេសអេមីរ៉ាត់អារ៉ាប់រួម។ តាមនាយករដ្ឋមន្ត្រីអូស្ត្រាលីថា ការវាយប្រហារនោះមិនបណ្ដាលឲ្យមានអ្នករងរបួសឡើយ។
នៅអ៉ីរ៉ង់ មជ្ឈមណ្ឌលនុយក្លេអ៊ែរស៊ីវិលBOUCHEHRភាគខាងត្បូងប្រទេសរងការវាយប្រហារដោយមីស៊ីល១គ្រាប់ កាលពីយប់ថ្ងៃទី១៧មីនា តែមិនបណ្ដាលឲ្យមានការខូចខាតឬជនរងគ្រោះឡើយ។
មនុស្ស២នាក់ថ្មីទៀត បានត្រូវស្លាប់កាលពីយប់ថ្ងៃទី១៧មក១៨មីនា នៅជិតក្រុងតែលអាវីវ។ ប៉ូលិសអ៉ីស្រាអែលរាយការណ៍ពីការធ្លាក់មីស៊ីលដែលហោះមកពីអ៉ីរ៉ង់ ក្នុងតំបន់នោះ។ ក្រុមជួយសង្ក្រោះអ៉ីស្រាអែលបានផ្សាយរូបភាពនានាបង្ហាញពីការខូចខាតច្រើន។
ស្នូរផ្ទុះយ៉ាងខ្លាំង២លាន់ឮនៅក្រុងហ្សេរុយសាឡឹមនាព្រឹកព្រលឹមថ្ងៃទី១៨មីនា បន្ទាប់ពីការប្រកាសពីការបាញ់ស្រោចមីស៊ីលថ្មីៗរបស់អ៉ីរ៉ង់។
អត្ថបទសរសេរដោយ ខាន់ សុខឃន
កែសម្រួលដោយ ស្រីណា
ប្រភព៖ YahooNews
