ខេត្តបន្ទាយមានជ័យ៖ ករណីគ្រោះថ្នាក់ដ៏សែនគួរឱ្យស្តាយកើតឡើងនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ នៅភូមិបឹងស្នោ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ បុរសពីរនាក់បានជួបគ្រោះថ្នាក់ធ្ងន់ធ្ងរដោយសារយកគ្រាប់បែកចង្កោមមកបោកលេង។

យោងតាមអាជ្ញាធរមីនកម្ពុជា នៅវេលាម៉ោង១១:៣០នាទី គ្រាប់បែកចង្កោមបានផ្ទុះយ៉ាងខ្លាំង បណ្តាលឱ្យអ្នកស្រុកឈ្មោះ ចាន់ សារ៉េត (អាយុ៤៤ឆ្នាំ) ស្លាប់នៅកន្លែងកើតហេតុភ្លាមៗ។ ចំណែកឯ តា ចាស់ (អាយុ៤៧ឆ្នាំ) បានរងរបួសធ្ងន់ហើយត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យមិត្តភាព កម្ពុជា-ជប៉ុន មង្គលបុរី។

សមត្ថកិច្ចបានបញ្ជាក់ថា ហេតុការណ៍នេះកើតឡើងដោយសារជនរងគ្រោះឈ្មោះ ចាន់ សារ៉េត បានកាន់គ្រាប់បែកចង្កោមមកបោកលេងនៅផ្ទះរបស់ តា ចាស់។ ការបោកគ្រាប់បែកបានបណ្តាលឱ្យវាផ្ទុះភ្លាមៗ ដោយមិនបានដឹងខ្លួន។

អាជ្ញាធរមីនកម្ពុជាសូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ឱ្យប្រុងប្រយ័ត្នជាទីបំផុត។ នៅពេលប្រទះឃើញមីន គ្រាប់មិនទាន់ផ្ទុះ គ្រាប់បែកចង្កោម ឬវត្ថុចម្លែកសង្ស័យជាគ្រាប់ សូមកុំប៉ះពាល់ កែច្នៃ គប់ ដំ ឬចល័តទៅទីណាមួយ។ គ្រាប់ទាំងនោះអាចធ្វើឱ្យរបួស ពិការ ឬស្លាប់គ្រប់ពេល។ សូមរាយការណ៍ជាបន្ទាន់ទៅអាជ្ញាធរមានសមត្ថកិច្ច ប៉ុស្តិ៍នគរបាល មេភូមិ មេឃុំ ឬប្រតិបត្តិករបោសសម្អាតមីន។
