ខេត្តបន្ទាយមានជ័យ៖ នគរបាលស្រុកព្រះនេត្រព្រះ បានធ្វើប្រតិបត្តិការល្បាតត្រួតពិនិត្យក្នុងតំបន់ភូមិចក្រី ឃុំជប់វារី នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ ដោយអនុវត្តតាមការដឹកនាំពីអគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ ស ថេត។

ការប្រតិបត្តិការនេះត្រូវបានដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងលោកវរសេនីយ៍ទោ ទេព រដ្ឋា អធិការនគរបាលស្រុកព្រះនេត្រព្រះ។ កម្លាំងនគរបាលបានស្ទាក់ឃាត់ក្រុមក្មេងទំនើងចំនួន៣នាក់ ដែលជាមុខសញ្ញាពាក់ព័ន្ធនឹងជួញដូរនិងប្រើប្រាស់សារធាតុញៀនខុសច្បាប់។
ជនសង្ស័យទាំង៣នាក់មាន៖
១. ឈ្មោះ ឃ្លិញ រ៉ានេត្រ (ហៅយុ) អាយុ១៧ឆ្នាំ នៅភូមិប៉ោយសំរោង ស្រុកព្រះនេត្រព្រះ
២. ឈ្មោះ ស៊ុយ សំណាង (ហៅភា) អាយុ១៨ឆ្នាំ នៅភូមិប៉ោយក្តឿង ស្រុកព្រះនេត្រព្រះ
៣. ឈ្មោះ យាន ផានិត (ហៅធូ) អាយុ១៧ឆ្នាំ នៅភូមិក្បាលដំរី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ

ក្នុងពេលប្រតិបត្តិការ នគរបាលបានឃាត់ខ្លួនជនសង្ស័យបានជាក់ស្តែង៣នាក់ ខណៈមាន២នាក់ទៀតបានរត់គេចខ្លួន។ ការធ្វើតេសទទឹកនោមបានបង្ហាញលទ្ធផលវិជ្ជមានទាំង៣នាក់។ នគរបាលក៏បានដកហូតបានកាំបិតវែងខ្លីចំនួន៦ដើម និងម៉ូតូ២គ្រឿង។
បច្ចុប្បន្ន ជនសង្ស័យទាំង៣នាក់ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកព្រះនេត្រព្រះ សម្រាប់ការសួរនាំ និងអនុវត្តតាមនីតិវិធីច្បាប់។
ដោយ៖ សូរិយា
