
ខេត្តកណ្តាល – កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានសម្រេចឃាត់ខ្លួនស្ត្រីម្នាក់ដែលបានបន្លំខ្លួនជាថៅកែជំនួញធំៗ ដើម្បីបោកបញ្ឆោតយកប្រាក់ពីជនរងគ្រោះរាប់សិបនាក់។
ជាក់ស្តែង បើយោងតាមផេកអធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានប្រកាសនាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦នេះថា៖ មានជនរងគ្រោះច្រើនណាស់ដែលចាញ់បោកស្ត្រីរូបនេះ ដែលតែងតែដើរឆបោកគេដោយអួតខ្លួនថា ជាថៅកែលក់ឡានផង ថៅកែបោះដុំគ្រឿងសមុទ្រផង និងជាម្ចាស់មុខជំនួញច្រើនទៀត។

ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ ក្រោយទទួលពាក្យបណ្តឹងពីជនរងគ្រោះ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅបានធ្វើការឃាត់ខ្លួនជនសង្ស័យ១នាក់ ចំណុចភូមិព្រែកឬស្សីលិច សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត(ខ្ចីលុយ)។
ជនសង្ស័យមានឈ្មោះ យិន សុភ័ណ្ឌ ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកតាព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរលក់ដូរ។
អធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានបន្ថែមថា បច្ចុប្បន្នជនសង្ស័យខាងលើនេះ បានបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តកណ្តាល ដើម្បីបន្តរនីតិវិធីច្បាប់។
អត្ថបទសរសេរដោយ សហការី
កែសម្រួលដោយ កៀន សុឃាក់
