ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញបានដាក់ពិន័យធ្ងន់ធ្ងរចំពោះម្ចាស់ទីតាំងផ្ទះជួលដែលព្រងើយកន្តើយមិនពង្រឹងការគ្រប់គ្រងជនបរទេសដែលមកស្នាក់នៅក្នុងទីតាំងរបស់ខ្លួន។

លោក ហ៊ុន សុរិទ្ធី អភិបាលរងរាជធានីភ្នំពេញ បានធ្វើការប្រកាសនេះក្នុងពិធីផ្សព្វផ្សាយអនុក្រឹត្យរបស់រាជរដ្ឋាភិបាលស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ នៅសាលារាជធានីភ្នំពេញ។

លោក ហ៊ុន សុរិទ្ធី បានបញ្ជាក់ថា៖ “ម្ចាស់ទីតាំងទាំងអស់ដែលជួលឱ្យជនបរទេសស្នាក់នៅត្រូវតែពង្រឹងការគ្រប់គ្រង ដើម្បីធានាសន្តិសុខ និងសុវត្ថិភាពសង្គម។ ជនបរទេសគ្រប់រូបដែលស្នាក់នៅត្រូវមានលិខិតស្នាមបញ្ជាក់ត្រឹមត្រូវ សូម្បីតែសាច់ញាតិដែលមកលេងក៏ត្រូវទាមទារលិខិតឱ្យបានច្បាស់លាស់ដែរ។”

លោកបានបន្តថា៖ “ប្រសិនបើមានការធ្វេសប្រហែសលើការគ្រប់គ្រងជនបរទេស ហើយបង្កឱ្យមានបញ្ហា នឹងត្រូវទទួលទោសទណ្ឌ និងផាកពិន័យក្នុងកម្រិតធ្ងន់ធ្ងរ។ នៅដំណាក់កាលនេះ យើងមិនអប់រំណែនាំទៀតទេ គឺត្រូវប្រឈមមុខច្បាប់ហើយ។”

អនុក្រឹត្យនេះអនុវត្តចំពោះម្ចាស់ទីតាំងគ្រប់ប្រភេទ រួមមាន៖ បុរី ខុនដូ អាផាតមិន សណ្ឋាគារ អគារសហកម្មសិទ្ធិ និងលំនៅស្នាក់នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។

យោងតាមមាត្រា១៩ នៃអនុក្រឹត្យ ម្ចាស់ទីតាំងដែលធ្វេសប្រហែសមិនរាយការណ៍អំពីការស្នាក់នៅរបស់ជនបរទេស នឹងត្រូវផាកពិន័យចំនួន៤លានរៀល។ ចំណែកមាត្រា២០ បញ្ជាក់ថា ម្ចាស់ទីតាំងដែលមានចេតនាលាក់បាំង និងអនុញ្ញាតឱ្យជនបរទេសចូលមកខុសច្បាប់ស្នាក់នៅ នឹងត្រូវផាកពិន័យ៤លានរៀលសម្រាប់ជនបរទេសម្នាក់ៗ។

លោក ហ៊ុន សុរិទ្ធី បានពន្យល់បន្ថែមថា៖ “ការអនុវត្តនេះមិនមែនដើម្បីគាបសង្កត់ម្ចាស់ទីតាំងទេ គឺដើម្បីធានាថា ទីតាំងរបស់បងប្អូនទាំងអស់មិនមានបទល្មើសលួចលាក់នៅក្នុងនោះ។ ការរាយការណ៍អំពីជនបរទេសស្នាក់នៅគឺដើម្បីការពារម្ចាស់ទីតាំងពីទុក្ខទោស និងពិន័យ។”

អាជ្ញាធររាជធានីភ្នំពេញសង្ឃឹមថា ការអនុវត្តអនុក្រឹត្យនេះនឹងជួយពង្រឹងសន្តិសុខសង្គម និងការគ្រប់គ្រងជនបរទេសឱ្យមានប្រសិទ្ធភាពកាន់តែខ្ពស់នៅក្នុងរាជធានីភ្នំពេញ។
