ភ្នំពេញ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានចេញសេចក្តីជូនដំណឹងជាថ្មីម្តងទៀត ដោយបញ្ជាក់ពីការអនុញ្ញាតឱ្យទំនិញពីថៃចូលមកកម្ពុជាតាមច្រកផ្លូវការ លើកលែងតែបន្លែផ្លែឈើ និងប្រេងឥន្ធនៈប៉ុណ្ណោះដែលនៅតែត្រូវបានហាមឃាត់។

ក្នុងសេចក្តីជូនដំណឹងចុះថ្ងៃទី១៦ កក្កដា ២០២៥ អគ្គនាយកដ្ឋានគយបានពន្យល់ថា៖ “ទំនិញចេញចូលរវាងប្រទេស និងប្រទេស គឺជារឿងកម្រិតរដ្ឋាភិបាល មិនមែនជាការសម្រេចរបស់អភិបាលខេត្តនោះទេ។ រាជរដ្ឋាភិបាលធ្លាប់ពន្យល់ច្រើនដងហើយថា យើងហាមឃាត់តែបន្លែផ្លែឈើ និងប្រេងឥន្ធនៈប៉ុណ្ណោះ។”
សេចក្តីជូនដំណឹងបានបញ្ជាក់យ៉ាងច្បាស់ថា មុខទំនិញដែលនៅតែត្រូវបានហាមឃាត់នាំចូលមកកម្ពុជារួមមាន៖
១. បន្លែ និងផ្លែឈើ
២. ប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈ (ប្រេងសាំង ប្រេងម៉ាស៊ូត ឧស្ម័នរាវសម្រាប់ដុត ប្រេងខ្មៅ និងប្រេងសាំងយន្តហោះ)
អគ្គនាយកដ្ឋានគយបានពន្យល់បន្ថែមថា៖ “កម្ពុជាជាសមាជិកអាស៊ាន និងអង្គការពាណិជ្ជកម្មពិភពលោក ដែលមានច្បាប់ស្តីពីការធ្វើពាណិជ្ជកម្មយ៉ាងច្បាស់លាស់។ យើងមិនអាចបំពានច្បាប់ទាំងនេះបានទេ។”

សម្រាប់ផ្លូវនាំចូលទំនិញ អាជីវករអាចប្រើប្រាស់មធ្យោបាយដឹកជញ្ជូនផ្សេងៗ និងតាមមាត់ច្រកផ្លូវការនានា លើកលែងតែមាត់ច្រកព្រំដែនផ្លូវគោកកម្ពុជា-ថៃ ដែលត្រូវបានបិទជាឯកតោភាគីដោយយោធាថៃ។
អគ្គនាយកដ្ឋានគយនឹងបន្តតាមដាន និងធ្វើបច្ចុប្បន្នភាពជូនអាជីវករ ពាណិជ្ជករ ធុរជន និងសាធារណជនអំពីស្ថានការ និងការវិវត្តនានាពាក់ព័ន្ធនឹងវិធានការខាងលើនេះ។
