ឃាត់ខ្លួនជនបរទេស៩នាក់ នៅក្នុងបុរីប៉េងហួតច្បារអំពៅ ពាក់ព័ន្ធករណីល្បែងស៊ីសងអនឡាញខុសច្បាប់

ឃាត់ខ្លួនជនបរទេស៩នាក់ នៅក្នុងបុរីប៉េងហួតច្បារអំពៅ ពាក់ព័ន្ធករណីល្បែងស៊ីសងអនឡាញខុសច្បាប់

ឃាត់ខ្លួនជនបរទេស

កម្លាំងចម្រុះ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ កាលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ បានចុះបង្ក្រាបទីតាំងសង្ស័យពាក់ព័ន្ធការប្រព្រឹត្តបទល្មើសអនឡាញខុសច្បាប់មួយកន្លែង ស្ថិតនៅផ្ទះលេខ១ ផ្លូវ M០៩ ក្នុងបុរីប៉េងហួត ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ ដោយឃាត់ខ្លួនជនជាតិចិនចំនួន៨នាក់ និងជនជាតិម៉ាឡេស៊ីចំនួន១នាក់។

វត្ថុតាងបច្ចេកទេស

ទន្ទឹមនឹងការឃាត់ខ្លួន មន្ត្រីជំនាញបានដកហូតវត្ថុតាងបច្ចេកទេសមួយចំនួនរួមមាន ទូរសព្ទដៃ ២៤៧គ្រឿង, កុំព្យូទ័រ All in One ០៨គ្រឿង, ធុង CPU ០២គ្រឿង និងម៉ូនីទ័រ ០២គ្រឿង។

បើតាមលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) ប្រតិបត្តិការបង្រាបនេះ ធ្វើឡើងក្រោមការបញ្ជាដឹកនាំដោយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងមានការចូលរួមពីអាជ្ញាធរខណ្ឌច្បារអំពៅ ដោយមានការសម្របសម្រួលនីតិវិធីច្បាប់ដោយលោកស្រី ភី ស៊ីថង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

ការបង្ក្រាបបទល្មើស

សមត្ថកិច្ចសន្និដ្ឋានថា ទីតាំងខាងលើគឺជាកន្លែងដំណើរការល្បែងស៊ីសងអនឡាញ ដែលមានគោលដៅបោកបញ្ឆោតទៅលើជនរងគ្រោះនៅក្រៅប្រទេស រួមមាន ប្រទេសម៉ាឡេស៊ី សិង្ហបុរី និងប្រទេសចិន។ បច្ចុប្បន្នចំពោះជនសង្ស័យ និងវត្ថុតាង ត្រូវបានប្រគល់ជូនសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ និងឈានទៅកំណត់មុខសញ្ញាមេខ្លោងពាក់ព័ន្ធជាបន្តទៀត។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានប្ដេជ្ញាចិត្តបោសសម្អាតឱ្យអស់នូវបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចេញពីកម្ពុជានៅត្រឹមខែមេសា ឆ្នាំ២០២៦។ សម្តេចធិបតីបានបញ្ជាក់ថា កម្ពុជាមិនមែនជាកន្លែងសម្រាប់ឧក្រិដ្ឋជន បច្ចេកវិទ្យាប្រើប្រាស់ក្នុងការប្រព្រឹត្តការឆបោក ឬបទល្មើសឆ្លងដែនឡើយ។ រាល់បុគ្គល ឬអង្គភាពទាំងឡាយណាដែលនៅពីក្រោយសកម្មភាព ឆបោកទាំងនេះ នឹងត្រូវប្រឈមមុខនឹងទោសទណ្ឌខ្ពស់បំផុតដោយ គ្មានការយោគយល់ ឬការអន្តរាគមន៍ណាមួយឡើយ៕

ប្រភព៖ (គ.ប.ឆ.ប.)

administrator

Related Articles