ខេត្តស្វាយរៀង៖ កម្លាំងនគរបាលខេត្តស្វាយរៀងបានចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀនយ៉ាងធំ ដោយឃាត់ខ្លួនជនសង្ស័យចំនួន ៦នាក់ ក្នុងនោះមានស្រី ១នាក់ ដែលទាំងអស់ជាជនជាតិវៀតណាម។

ប្រតិបត្តិការនេះត្រូវបានធ្វើឡើងកាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ ដោយកម្លាំងនគរបាលដែលដឹកនាំដោយលោកឧត្ដមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន។ ក្រុមការងារបានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត ចុះបង្ក្រាបក្រុមជួញគ្រឿងញៀននៅបន្ទប់ជួលមួយកន្លែងក្នុងភូមិបាវិតកណ្ដាល។

វត្ថុតាងដែលត្រូវបានដកហូតរួមមាន៖ សារធាតុញៀនចំនួនធំ រថយន្ត ១គ្រឿង ទូរស័ព្ទដៃ ៦គ្រឿង ជញ្ជីងថ្លឹង ៣គ្រឿង និងសម្ភារប្រើប្រាស់ផ្សេងៗទៀត។ ប្រតិបត្តិការនេះត្រូវបានធ្វើឡើងតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការដឹកនាំរបស់លោកឧត្ដមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត។

បច្ចុប្បន្ន ជនសង្ស័យទាំង ៦នាក់ រួមទាំងវត្ថុតាងទាំងអស់ ត្រូវបានកំពុងកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងខេត្តស្វាយរៀង ដើម្បីចាត់ការតាមច្បាប់។ ការចាត់វិធានការនេះបង្ហាញពីការតឹងតែងរបស់អាជ្ញាធរក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសពាក់ព័ន្ធគ្រឿងញៀន។

ដោយ៖ សុថាន


