ភ្នំពេញ៖ កម្លាំងចម្រុះរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានចុះបង្ក្រាបទីតាំងល្បែងស៊ីសងអនឡាញខុសច្បាប់មួយកន្លែង នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ នៅក្នុងខណ្ឌច្បារអំពៅ។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនបរទេសចំនួន៩នាក់ ដែលក្នុងនោះមានជនជាតិចិន៨នាក់ និងជនជាតិម៉ាឡេស៊ី១នាក់។ ទីតាំងដែលត្រូវបានបង្ក្រាបស្ថិតនៅផ្ទះលេខ១ ផ្លូវ M០៩ ក្នុងបុរីប៉េងហួត ភូមិបឹងឈូក សង្កាត់និរោធ។

សមត្ថកិច្ចបានដកហូតវត្ថុតាងបច្ចេកទេសជាច្រើន រួមមានទូរសព្ទដៃ២៤៧គ្រឿង កុំព្យូទ័រ All in One០៨គ្រឿង ធុង CPU០២គ្រឿង និងម៉ូនីទ័រ០២គ្រឿង។ ប្រតិបត្តិការនេះធ្វើឡើងក្រោមការដឹកនាំរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

សមត្ថកិច្ចបានសន្និដ្ឋានថា ទីតាំងនេះជាកន្លែងដំណើរការល្បែងស៊ីសងអនឡាញដែលមានគោលដៅបោកប្រាស់ជនរងគ្រោះនៅប្រទេសម៉ាឡេស៊ី សិង្ហបុរី និងចិន។ ជនសង្ស័យនិងវត្ថុតាងទាំងអស់ត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានប្ដេជ្ញាចិត្តបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចេញពីកម្ពុជា និងបញ្ជាក់ថាកម្ពុជាមិនមែនជាកន្លែងសម្រាប់ឧក្រិដ្ឋជនបច្ចេកវិទ្យាឡើយ។
ដោយ៖ សូរិយា
