ខេត្តកំពង់ស្ពឺ៖ កម្លាំងនគរបាលខេត្តកំពង់ស្ពឺ ដោយមានការដឹកនាំពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានធ្វើប្រតិបត្តិការចុះត្រួតពិនិត្យទីតាំងមួយកន្លែងនៅភូមិតាំងក្រសាំង ឃុំព្នាយ ស្រុកសំរោងទង កាលពីរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦។

ការប្រតិបត្តិការនេះធ្វើឡើងដោយមានការណែនាំពីលោកនាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ។ កម្លាំងនគរបាលបានរកឃើញជនបរទេសសញ្ជាតិឥណ្ឌូណេស៊ីចំនួន ៦នាក់ ក្នុងនោះមានស្រី ៤នាក់ ដែលកំពុងស្នាក់នៅក្នុងផ្ទះជួលមួយ។

តាមការត្រួតពិនិត្យ កម្លាំងនគរបាលបានរកឃើញសម្ភារៈឧបករណ៍សង្ស័យជាច្រើនដែលពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) រួមមាន៖ ទូរសព្ទដៃ ៥៩គ្រឿង កុំព្យូទ័រយួរដៃ ៧គ្រឿង ឧបករណ៍ថតសំឡេង ៨គ្រឿង ឯកសណ្ឋានសមត្ថកិច្ចបរទេស អាវ ៤ សញ្ញាស័ក្តិ និងលោហ្គោមួយចំនួន។

លើសពីនេះ ក៏មានការរកឃើញម្សៅក្រាមសថ្លាសង្ស័យជាគ្រឿងញៀនចំនួន ៥៩កញ្ចប់តូច និង ១កញ្ចប់ធំ។ ផ្ទះជួលនេះជាកម្មសិទ្ធិរបស់លោក សុខ នី ដែលរស់នៅភ្នំពេញ។
បច្ចុប្បន្ន ជនសង្ស័យទាំង ៦នាក់ រួមទាំងវត្ថុតាងទាំងអស់ត្រូវបានចាប់ខ្លួន និងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីបន្តនីតិវិធីតាមច្បាប់។ ការប្រតិបត្តិការនេះធ្វើឡើងដោយអនុវត្តតាមអនុក្រឹត្យលេខ០៣ របស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពីការគ្រប់គ្រងសន្ដិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្ដុំជនបរទេស។
ដោយ៖ តារា
