ភ្នំពេញ – នៅរសៀលថ្ងៃទី១៨ ខែមីនា លោក ស៊ី ជីនពីង ប្រធានរដ្ឋចិន បានជួបពិភាក្សាជាមួយលោក ប៊ែរឌីមូខាមេដូវ មេដឹកនាំជនជាតិ និងជាប្រធានក្រុមប្រឹក្សាប្រជាជននៃប្រទេសតួកមេនីស្ថាន នៅសណ្ឋាគាររដ្ឋឌៀវយូថាយ ទីក្រុងប៉េកាំង។

ក្នុងជំនួបនេះ លោក ស៊ី ជីនពីង បានថ្លែងថា ការគាំទ្រគ្នាទៅវិញទៅមក គឺជាខ្លឹមសារស្នូលនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសចិន និងតួកមេនីស្ថាន។ លោកបានបញ្ជាក់ថា មិនថាស្ថានការណ៍អន្តរជាតិមានការប្រែប្រួលយ៉ាងណាក៏ដោយ ប្រទេសចិននឹងគាំទ្រជាប់រហូតចំពោះប្រទេសតួកមេនីស្ថាន ក្នុងការគាំពារឯករាជ្យជាតិ អធិបតេយ្យភាព និងបូរណភាពទឹកដី។
លោកបានបន្តថា ចិននឹងបន្តធ្វើជាដៃគូដែលគួរឱ្យជឿទុកចិត្តបានរបស់តួកមេនីស្ថាន និងគាំទ្រការប្រកាន់ខ្ជាប់គោលនយោបាយអព្យាក្រឹតភាពរបស់ប្រទេសនេះ។

ជាការឆ្លើយតប លោក ប៊ែរឌីមូខាមេដូវ បានថ្លែងថា វិបុលភាព និងការអភិវឌ្ឍរបស់ប្រទេសចិន បានផ្តល់ផលប្រយោជន៍ដល់ពិភពលោកទាំងមូល។ “ប្រទេសចិនអភិវឌ្ឍកាន់តែប្រសើរឡើង នឹងធ្វើឱ្យពិភពលោកកាន់តែប្រសើរឡើងដែរ” លោកបានថ្លែង។
មេដឹកនាំតួកមេនីស្ថានបានបញ្ជាក់ថា ប្រទេសរបស់លោកនឹងប្រកាន់ខ្ជាប់នូវគោលការណ៍ចិនមួយដូចពេលមុនៗ ហើយមានឆន្ទៈពង្រឹងការតភ្ជាប់គ្នាខាងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាមួយប្រទេសចិន។ លោកបានលើកឡើងពីការពង្រីកកិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងវិស័យថាមពល ពាណិជ្ជកម្ម ការតភ្ជាប់គ្នា និងវិស័យផ្សេងៗទៀត។

លោកបានសង្កត់ធ្ងន់ថា គោលដៅរួមគឺដើម្បីរួមគ្នាស្វែងរកការអភិវឌ្ឍនិងវិបុលភាព ក៏ដូចជារួមគ្នាជំរុញសន្តិសុខនិងស្ថិរភាពក្នុងតំបន់ និងក្នុងពិភពលោក។
កិច្ចជំនួបនេះកើតឡើងក្នុងអំឡុងពេលលោក ប៊ែរឌីមូខាមេដូវ កំពុងបំពេញទស្សនកិច្ចមិត្តភាពនៅប្រទេសចិន ដែលបង្ហាញពីការពង្រឹងទំនាក់ទំនងយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ។
ប្រភព៖ (CCFR)
