ភ្នំពេញ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរបានកើតឡើងនៅក្នុងរាជធានីភ្នំពេញ នៅពេលដែលរថយន្តស៊េរីទំនើបមួយគ្រឿងបានបុកម៉ូតូយ៉ាងខ្លាំង អូសយកម៉ូតូទៅមុខជាច្រើនម៉ែត្រ បណ្តាលឲ្យក្មេងប្រុសម្នាក់រងរបួសធ្ងន់ និងកើតហិង្សារវាយតៃកុងឡានបែកក្បាលផ្អើលដល់សមត្ថកិច្ច។

ហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងកាលពីយប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ៨:៥០នាទី នៅតាមបណ្តោយផ្លូវលេខ១៧១១ ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ។ តាមការអះអាងពីប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឱ្យដឹងថា ក្មេងប្រុសរងគ្រោះជិះម៉ូតូម៉ាក HONDA TODAY ផ្លាកលេខ ភ្នំពេញ 1J-4604 ធ្វើដំណើរតាមបណ្តោយផ្លូវបេតុងទិសដៅពីលិចទៅកើត។

នៅពេលជិះមកដល់ផ្លូវបំបែកជាបួន ស្រាប់តែមានរថយន្តម៉ាក FORTHING ពណ៌ស ផ្លាកលេខ កម្ពុជា P.YEAN.7 បើកបរដោយបុរសម្នាក់រួមដំណើរជាមួយនារីម្នាក់ បោះចេញពីផ្លូវបេតុងទិសដៅពីត្បូងទៅជើងយ៉ាងលឿន។ ខណះពេលបើកមកដល់ផ្លូវបំបែកជាបួន រថយន្តនេះក៏ជ្រុលទៅបុកម៉ូតូចំពាក់កណ្តាលក្បាលពេញទំហឹង ហើយអូសតាមរថយន្តទៅមុខជាច្រើនម៉ែត្រ។

ស្ថានភាពនេះបណ្តាលឱ្យក្មេងប្រុសម្ចាស់ម៉ូតូរងរបួសធ្ងន់ ហើយត្រូវបានបញ្ជូនទៅសង្រ្គោះបន្ទាន់។ បន្ទាប់ពីកើតហេតុ ក៏មានការផ្ទុះហិង្សាកើតឡើងរវាងតៃកុងឡាន និងក្រុមគ្រួសារក្មេងទំនងគ្រោះ ដែលនាំឱ្យសមត្ថកិច្ចត្រូវចុះមកអន្តរាគមន៍ ហើយបានឃាត់ម្ចាស់រថយន្តយកទៅប៉ុស្តិ៍ដើម្បីធ្វើការសួរនាំបន្ត។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ចុះមកធ្វើការវាស់វែង ស្ទូចយករថយន្ត និងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជាបណ្តោះអាសន្ន រង់ចាំការដោះស្រាយនៅពីក្រោយ។

ហេតុការណ៍នេះបង្ហាញពីគ្រោះថ្នាក់នៃការបើកបរលឿននៅតាមផ្លូវបំបែក ដែលអាចនាំឱ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរ និងការប៉ះទង្គិចផ្នែកសង្គម។ អាជ្ញាធរបានអំពាវនាវឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្ន និងគោរពច្បាប់ចរាចរណ៍ ជាពិសេសនៅតាមចំណុចបំបែកផ្លូវ។
ដោយ៖ ភារ៉ា ដង្កោ
