ភ្នំពេញ៖ លោកកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) បានសង្កត់ធ្ងន់ថា ការភ្ជាប់ការគាំពារសង្គមជាមួយការប្រឆាំងអំពើពុករលួយ មិនមែនជាជម្រើសទេ ប៉ុន្តែគឺជាកាតព្វកិច្ចដ៏សំខាន់។

ក្នុងសិក្ខាសាលាថ្នាក់ជាតិស្តីពី «គណនេយ្យភាព និងតម្លាភាព នៃប្រព័ន្ធគាំពារសង្គមកម្ពុជា» នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ លោកបានទទូចឲ្យក្រសួង ស្ថាប័ន និងរដ្ឋបាលគ្រប់ថ្នាក់លើកកម្ពស់គណនេយ្យភាព និងតម្លាភាពក្នុងប្រព័ន្ធគាំពារសង្គម។
«យើងទាំងអស់គ្នាប្តេជ្ញាចិត្តសហការគ្នា ដើម្បីកសាងប្រព័ន្ធដែលបម្រើប្រជាពលរដ្ឋដោយស្មោះត្រង់ និងប្រសិទ្ធភាព» ជាស្មារតីដែលលោកបានលើកឡើង។
លោក ឱម យ៉ិនទៀង បានពន្យល់ថា៖ «មានគណនេយ្យភាព តែគ្មានតម្លាភាព គឺពិបាកនឹងរកភស្តុតាង ដើម្បីដាក់បន្ទុកលើអ្នកធ្វើខុស។ មានតម្លាភាព តែគ្មានគណនេយ្យភាព នោះគ្រាន់តែបានដឹងថា គេម្នាក់នោះ ឬច្រើនគ្នានោះ បានធ្វើខុស តែមិនអាចធ្វើអ្វីគេបាន។»

លោកបន្ថែមថា ប្រព័ន្ធគាំពារសង្គមអាចដំណើរការបានកាន់តែប្រសើរ លុះត្រាតែមានតម្លាភាព និងគណនេយ្យភាពព្រមគ្នា។ គណនេយ្យភាព និងតម្លាភាព ជាសសរស្តម្ភដ៏សំខាន់២ នៃអភិបាលកិច្ចល្អ។
សម្រាប់លោកបណ្ឌិត ចន ណារិទ្ធ អគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម បានឱ្យដឹងថា កម្មវិធីជាតិជំនួយសង្គម និងរបបសន្តិសុខសង្គម បានពង្រីកវិសាលភាពលើសមុនជាង២ដង។
«កាលពីឆ្នាំ២០១៧ មានត្រឹមតែ ៣,៣លាននាក់ រហូតដល់ជាង ៧,៩លាននាក់ ក្នុងឆ្នាំ២០២៥ ក្នុងនោះរបបសន្តិសុខសង្គម បាននិងកំពុងគ្របដណ្តប់ពលរដ្ឋសរុប ៣,៩លាននាក់» លោកបានបញ្ជាក់។

លោក ឱម យ៉ិនទៀង បានសង្កត់ធ្ងន់ថា កាលណាមានអំពើពុករលួយកើតមានឡើងក្នុងប្រព័ន្ធគាំពារសង្គម វានឹងបំផ្លាញទំនុកចិត្តរបស់សាធារណៈ និងធ្វើឱ្យអ្នកដែលត្រូវការជំនួយពិតប្រាកដ មិនទទួលបានអត្ថប្រយោជន៍ត្រឹមត្រូវ។
សិក្ខាសាលានេះមានការចូលរួមពីមន្រ្តីអនុវត្តកម្មវិធីឃុំ-សង្កាត់ទូទាំងប្រទេសប្រមាណ ១,៩០០រូប ក្រោមកិច្ចសហការរវាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម និងអង្គភាពប្រឆាំងអំពើពុករលួយ។
ដោយ ៖ សិលា
