ការធ្វើដំណើររបស់កប៉ាល់ដឹកទំនិញឆ្លងកាត់ច្រកសមុទ្រ Hormuz ក្នុងពេលពេលមានសង្គ្រាមមជ្ឈិមបូព៌ា គឺជារឿងប្រថុយប្រថាននិងគ្រោះថ្នាក់បំផុត ព្រោះតែមីស៊ីលហោះពីលើក្បាលយ៉ាងប្រសាច។

ឧទាហរណ៍ជាក់ស្តែងបំផុតនាពេលថ្មីៗនេះគឺ កាលពីថ្ងៃពុធទី១១ខែមីនា កប៉ាល់ដឹកទំនិញ Mayuree Naree របស់ប្រទេសថៃ ត្រូវរងការវាយប្រហារ អំឡុងពេលចេញដំណើរពីកំពង់ផែ ខាលីហ្វា នៃប្រទេសអារ៉ាប់រួម ឆ្ពោះទៅកាន់ប្រទេសឥណ្ឌា ព្រោះតែមិនព្រមស្តាប់ការព្រមាននិងផ្គើនទៅអ៊ីរ៉ង់ថែម។
យ៉ាងណាក្តី មិនមែនកប៉ាល់ទាំងអស់សុទ្ធតែត្រូវអ៊ីរ៉ង់បាញ់ទេ ក៏មានកប៉ាល់របស់ប្រទេសជាមិត្តជាច្រើនគ្រឿងដែរ ដែលឆ្មាំបដិវត្តបើកភ្លើងបៃតងឲ្យឆ្លងកាត់ដោយសុវត្ថិភាព។
យោងតាមទិន្នន័យចងក្រងដោយក្រុមហ៊ុនតាមដានសភាពការណ៍ដែនសមុទ្រ Windward និងយកមកផ្សាយបន្តដោយ Aljazeera កាលពីថ្ងៃពុធទី១៨ខែមីនាឆ្នាំ២០២៦ អ៊ីរ៉ង់បានបង្កើតច្រករបៀងដឹកជញ្ជូនសុវត្ថិភាព សម្រាប់តែកប៉ាល់ណាដែលខ្លួនបានត្រួតពិនិត្យ និងយល់ព្រមប៉ុណ្ណោះ។

ក្នុងនោះមានដូចជា កប៉ាល់មកពីប្រទេស៖
ចិន៖ ក្នុងនាមជាអ្នកទិញប្រេងធំបំផុតរបស់អ៊ីរ៉ង់ កប៉ាល់ដែលជាកម្មសិទ្ធិរបស់ចិន ឬប្រតិបត្តិការដោយចិន ត្រូវបានអនុញ្ញាតឲ្យឆ្លងកាត់តាមច្រកនេះ។
ឥណ្ឌា៖ កិច្ចពិភាក្សាការទូតកម្រិតខ្ពស់បានឈានទៅដល់ការអនុញ្ញាតឲ្យកប៉ាល់ដឹកប្រេងដែលមានទង់ជាតិឥណ្ឌាឆ្លងកាត់ដោយសុវត្ថិភាព។
តួកគី៖ កប៉ាល់ដឹកទំនិញស្ងួត និងកប៉ាល់ដឹកប្រេងដែលជាកម្មសិទ្ធិរបស់តួកគី ត្រូវបានផ្តល់សិទ្ធិឲ្យឆ្លងកាត់។
ប៉ាគីស្ថាន៖ កប៉ាល់ដឹកប្រេងដែលមានទង់ជាតិប៉ាកីស្ថានមួយចំនួន បានធ្វើដំណើរឆ្លងកាត់ដោយជោគជ័យ។
អ៊ីរ៉ាក់៖ ទីក្រុងបាកដាដ កំពុងចរចាជាបន្តបន្ទាប់ ដើម្បីអនុញ្ញាតឲ្យកប៉ាល់ដឹកប្រេងអ៊ីរ៉ាក់ចាប់ផ្តើមដំណើរការដឹកជញ្ជូនឡើងវិញ។
ទន្ទឹមនោះដែរ បើយោងតាមទិន្នន័យ ចរាចរណ៍កប៉ាល់ដឹកប្រេងតាមច្រក Hormuz បានធ្លាក់ចុះប្រហែល ៧០% ទៅ ៩០% បើធៀបនឹងពេលធម្មតា។
