ភ្នំពេញ៖ ការប្រតិបត្តិការបង្ក្រាបក្មេងទំនើងរបស់សមត្ថកិច្ចនគរបាលជាតិបានទទួលជោគជ័យយ៉ាងខ្លាំងក្លា នៅក្នុងរយៈពេលកន្លះខែដំបូងនៃខែមីនា ឆ្នាំ២០២៦។ តាមរបាយការណ៍ផ្លូវការពីក្រសួងមហាផ្ទៃ ចាប់ពីថ្ងៃទី១ ដល់ទី១៥ មីនា សមត្ថកិច្ចបានដោះស្រាយករណីក្មេងទំនើងសរុប៣៧ករណី និងឃាត់ខ្លួនជនបង្កចំនួន១៦៥នាក់។

សំខាន់ជាងនេះទៅទៀត ករណីក្មេងទំនើងបានថយចុះយ៉ាងច្បាស់លាស់បើធៀបទៅនឹងរយៈពេលដូចគ្នាក្នុងខែកុម្ភៈ ដោយថយចុះ១៦ករណី និងជនបង្កថយចុះ៣៧នាក់។ នេះជាសញ្ញាប្រសើរមួយក្នុងការតស៊ូប្រឆាំងនឹងបទល្មើសពីក្រុមក្មេងទំនើង។
ប្រតិបត្តិការទាំងនេះបានធ្វើឡើងនៅទូទាំងប្រទេស រួមមានរាជធានីភ្នំពេញ និងខេត្តជាច្រើនដូចជា៖ កំពត កណ្ដាល កំពង់ស្ពឺ តាកែវ បាត់ដំបង កំពង់ធំ ព្រះវិហារ ក្រចេះ ត្បូងឃ្មុំ និងស្វាយរៀង។

លោក សេង សុខហ៊ុន មន្ត្រីអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានពន្យល់ថា៖ “ការថយចុះករណីក្មេងទំនើងនេះមិនមែនជារឿងចៃដន្យនោះទេ គឺជាលទ្ធផលពីការភ្ញាក់រលឹករបស់ក្រុមក្មេងទំនើង ទន្ទឹមនឹងការប្រតិបត្តិការយ៉ាងក្ដៅគគុករបស់សមត្ថកិច្ច។”
ស្របតាមការណែនាំពីសម្ដេចធិបតី នាយករដ្ឋមន្រ្តី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ការដោះស្រាយបញ្ហាក្មេងទំនើងត្រូវបានកំណត់ជាវិញ្ញាសាអាទិភាពក្នុងគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព។

កម្លាំងនគរបាលជាតិបន្តបង្កើនសកម្មភាពល្បាតតាមដាន និងបង្ក្រាបក្មេងទំនើងឱ្យបានលឿនបំផុត ដើម្បីធានាសុវត្ថិភាពដល់ប្រជាពលរដ្ឋ។ ការថយចុះនេះជាសញ្ញាប្រសើរនៃការរួមគ្នារវាងសមត្ថកិច្ច និងសង្គមក្នុងការបង្ក្រាបបទល្មើស។
