ខេត្តកណ្ដាល÷ បុរសដែលទើបនឹងចេញពីពន្ធនាគារបានត្រឡប់ទៅប្រព្រឹត្តអំពើលួចទៀត នៅពេលដែលសមត្ថកិច្ចនគរបាលស្រុកកណ្តាលស្ទឹងបានឃាត់ខ្លួនគាត់ភ្លាមៗ ខណៈកំពុងលីផ្លែចេកខ្ចី ១ស្ទោង ដែលទើបនឹងលួចកាត់យកទៅលក់។ ហេតុការណ៍នេះបានកើតឡើងកាលពីយប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ នៅភូមិព្រៃតាតូច ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង។

សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យមានឈ្មោះ សុន ជីវ័ន្ត ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅក្នុងភូមិដដែលដែលកើតហេតុ។ ការតេស្តទឹកនោមបានបង្ហាញថា គាត់មានសារធាតុញៀនវិជ្ជមាន។ បន្ទាប់ពីឃាត់ខ្លួន សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមានផ្លែចេកខ្ចី ១ស្ទោង និងកាំបិតកញ្ចែត ១ដើម ដែលមានដងជ័រពណ៌ខ្មៅ និងផ្លែដែកប្រវែង ២៨សង់ទីម៉ែត្រ។
ប្រភពសមត្ថកិច្ចបានរំលឹកថា មុនពេលកើតហេតុនៅម៉ោង ៧:៤០យប់ ជនសង្ស័យត្រូវបានមិត្តឈ្មោះ រ៉ង (ប្រុស, ២៧ឆ្នាំ) ហៅទៅជក់គ្រឿងញៀននៅដីឡូត៍ទុកចោលខាងក្រោយផ្ទះ។ ក្រោយពេលជក់រួច គាត់បានឃើញផ្លែចេកខ្ចី ១ស្ទោង ធ្លាក់ក្នុងរបងដីឡូត៍ ហើយត្រឡប់ទៅផ្ទះវិញ។
លុះដល់ម៉ោង ៩:៤០យប់ ជនសង្ស័យបានយកកាំបិតកញ្ចែតដើរទៅកាត់ផ្លែចេកនោះ។ រហូតដល់ម៉ោង ១១:០៥យប់ ពេលគាត់កំពុងលីចេកដើរតាមផ្លូវលំក្នុងភូមិ ដើម្បីយកទៅលក់ឲ្យអ្នកលក់បន្លែ ក៏ប្រទះជួបកម្លាំងសមត្ថកិច្ចកំពុងល្បាត ហើយត្រូវឃាត់ខ្លួនភ្លាម។
សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យនេះធ្លាប់លួចកាត់ចេកគេរួចមកហើយ ២ដង ហើយធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាលរយៈពេល ១ឆ្នាំកន្លះ ពាក់ព័ន្ធនឹងករណីប្រើប្រាស់សារធាតុញៀន។ ឥឡូវគាត់ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹង ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់។
