ត្រាំប្រៀបធៀបការវាយប្រហារលើអ៊ីរ៉ង់ទៅនឹងការវាយប្រហារលើ Pearl Harbor របស់ជប៉ុន

ត្រាំប្រៀបធៀបការវាយប្រហារលើអ៊ីរ៉ង់ទៅនឹងការវាយប្រហារលើ Pearl Harbor របស់ជប៉ុន

ត្រាំ និង តាកាអ៊ិឈិ នៅសេតវិមាន

ភ្នំពេញ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានធ្វើការប្រៀបធៀបដ៏ចម្លែកមួយ ដោយយកការវាយប្រហារលើកដំបូងរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ ទៅប្រៀបធៀបនឹងការវាយប្រហារដែលមិនបានគ្រោងទុករបស់ជប៉ុនលើមូលដ្ឋានទ័ពជើងទឹកនៅកំពង់ផែ Pearl Harbor កាលពីឆ្នាំ១៩៤១។

ការប្រៀបធៀបនេះបានកើតឡើងក្នុងឱកាសជួបជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី សាណាអេ តាកាអ៊ិឈិ (Sanae Takaichi) នៅសេតវិមាន កាលពីថ្ងៃព្រហស្បតិ៍។ លោកត្រាំបានប្រាប់សម្ព័ន្ធមិត្តជប៉ុនថា ការវាយប្រហារលើអ៊ីរ៉ង់ពេលនេះមានលក្ខណៈស្រដៀងនឹងការវាយប្រហាររបស់ជប៉ុនលើ Pearl Harbor។

កិច្ចជួបរវាងត្រាំ និង តាកាអ៊ិឈិ

យោងតាម ABC ដែលផ្សាយថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ អ្នកសារព័ត៌មានជប៉ុនម្នាក់បានសួរលោកត្រាំអំពីមូលហេតុដែលលោកមិនបានប្រាប់សម្ព័ន្ធមិត្តអាមេរិកនៅអឺរ៉ុប និងអាស៊ីអំពីប្រតិបត្តិការយោធានេះ។

លោកត្រាំបានឆ្លើយថា៖ «មែនហើយ! មានរឿងខ្លះមិនចង់បង្ហាញសញ្ញាច្រើនពេកទេ។ អ្នកដឹងទេ! ពេលយើងធ្វើ យើងធ្វើវាឱ្យខ្លាំង ហើយយើងមិនបានប្រាប់អ្នកណាអំពីវាទេ ព្រោះយើងធ្វើឱ្យភ្ញាក់ផ្អើល»។

លោកបន្ថែមទៀតថា៖ «អ្នកណាដឹងច្បាស់ជាងជប៉ុនពីភាពការភ្ញាក់ផ្អើលនេះ? អូខេ! ហេតុអ្វីបានជាអ្នកមិនប្រាប់ខ្ញុំពីផែនការបាញ់ប្រហារលើ Pearl Harbor?»។

កិច្ចសន្ទនារវាងអ្នកដឹកនាំទាំងពីរ

គួរបញ្ជាក់ថា ការវាយប្រហាររបស់ជប៉ុនលើមូលដ្ឋានកងទ័ពជើងទឹកអាមេរិកនៅកំពង់ផែ Pearl Harbor បានកើតឡើងកាលព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ១៩៤១ បានសម្លាប់ជនជាតិអាមេរិកជាង ២៤០០នាក់ និងធ្វើឱ្យសហរដ្ឋអាមេរិកធ្លាក់ចូលទៅក្នុងសង្គ្រាមលោកលើកទីពីរ។

លោកស្រី តាកាអ៊ិឈិ ជាមេដឹកនាំសម្ព័ន្ធមិត្តដ៏សំខាន់ដំបូងគេទៅទស្សនកិច្ចទីក្រុងវ៉ាស៊ីនតោន ចាប់តាំងពីសង្គ្រាមនៅអ៊ីរ៉ង់បានចាប់ផ្តើម។ លោកត្រាំបានហៅនាយករដ្ឋមន្ត្រីជប៉ុនថា «មិត្តភ័ក្តិ» ហើយលោកបានថា៖ «ប្រទេសជប៉ុនពិតជាកំពុងបោះជំហានទៅមុខក្នុងការគាំទ្រដល់ប្រតិបត្តិការរបស់អាមេរិកក្នុងប្រទេសអ៊ីរ៉ង់»។

ចំណែកលោកស្រី តាកាអ៊ិឈិ បានថាជម្លោះនៅមជ្ឈិមបូព៌ាមានផលប៉ះពាល់យ៉ាងធំដល់សេដ្ឋកិច្ចពិភពលោក និងបានសម្តែងការមិនពេញចិត្តចំពោះវិបត្តិដែលកំពុងកើនឡើងនៅច្រកសមុទ្រ Hormuz។

កិច្ចពិភាក្សាអន្តរជាតិ

លោកស្រីបានថា៖ «ប៉ុន្តែទោះបីជាបញ្ហាបានកើតឡើងហើយក៏ដោយ ខ្ញុំជឿជាក់យ៉ាងមុតមាំថាមានតែអ្នកទេ លោក ដូណាល់ ដែលអាចសម្រេចបាននូវសន្តិភាពទូទាំងពិភពលោកឡើងវិញ»។

administrator

Related Articles