
រដ្ឋសភាថៃបានបោះឆ្នោតជ្រើសតាំងលោក Anutin Charnvirakul ពីគណបក្សភូមិចៃថៃ ឲ្យក្លាយជានាយករដ្ឋមន្ត្រីទី៣២របស់ប្រទេសថៃផ្លូវការនៅថ្ងៃព្រហស្បតិ៍ទី១៩ ខែមីនា ឆ្នាំ២០២៦។
ក្នុងការបោះឆ្នោតដ៏តានតឹង លោក Anutin ទទួលបានសំឡេងគាំទ្រពីតំណាងរាស្រ្តចំនួន ២៩៣ រូប ដោយយកឈ្នះលើបេក្ខជនផ្សេងទៀត។ លោក Natthapong Ruangpanyawut ពីគណបក្សប្រជាជនទទួលបានសំឡេងត្រឹម ១១៩ រូប ខណៈមានតំណាងរាស្រ្ត ៨៦ រូបទៀតបានអនុបវាទ។

ដំណើរការជ្រើសរើសនេះត្រូវបានអនុវត្តតាមមាត្រា ១៥៩ នៃរដ្ឋធម្មនុញ្ញថៃ ដោយមានលក្ខខណ្ឌសំខាន់ៗដូចជា៖ បេក្ខជនត្រូវមកពីគណបក្សដែលមានអាសនៈក្នុងសភាយ៉ាងហោចណាស់ ២៥ អាសនៈ ត្រូវមានការគាំទ្រពីសមាជិកសភាយ៉ាងហោចណាស់ ៥០ រូប និងត្រូវទទួលបានសំឡេងលើសពីពាក់កណ្តាលនៃសមាជិកសភាសរុប ៤៩៩ រូប។
បន្ទាប់ពីទទួលបានការគាំទ្រពីសភា ឈ្មោះរបស់លោក Anutin នឹងត្រូវបញ្ជូនទៅថ្វាយព្រះមហាក្សត្រ ដើម្បីសុំការតែងតាំងជាផ្លូវការ។ លោកគ្រោងបង្ហាញសមាសភាពគណៈរដ្ឋមន្ត្រីថ្មី និងថ្លែងគោលនយោបាយទៅកាន់សភា ដើម្បីចាប់ផ្តើមការងារជាផ្លូវការឲ្យបានមុនពិធីបុណ្យចូលឆ្នាំថៃ។

អត្ថបទ៖ សុខ សុវណ្ណ
