ខេត្តបាត់ដំបង៖ ករណីដ៏គួរឱ្យស្តាយមួយបានកើតឡើងនៅស្រុកគាស់ក្រឡ នៅពេលដែលកូនប្រុសម្នាក់ដែលជាប់ញៀនថ្នាំបានធ្វើសកម្មភាពអាក្រក់កាប់បំផ្លាញម៉ូតូរបស់ឪពុកខ្លួនឯង។

ប្រភពព័ត៌មានបានឱ្យដឹងថា នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ នៅឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ កម្លាំងនគរបាលបានឃាត់ខ្លួនអ្នកសង្ស័យឈ្មោះ សឿន ពុទ្ធា អាយុ២៨ឆ្នាំ ដែលរស់នៅភូមិព្រៃទទឹង ឃុំឆ្នាល់មាន់។
អ្នកសង្ស័យត្រូវបានចោទប្រកាន់ពីបទធ្វើឱ្យខូចខាតដោយចេតនា បន្ទាប់ពីគាត់បានយកកាំបិតដងឈើប្រវែង៥២សង់ទីម៉ែត្រ កាប់បំផ្លាញម៉ូតូរបស់ឪពុកគាត់ឈ្មោះ ម៉ៅ សឿន អាយុ៥៨ឆ្នាំ។
ក្រោយពីធ្វើការសាកសួរ អ្នកសង្ស័យបានទទួលស្គាល់ទង្វើរបស់ខ្លួន ដោយបញ្ជាក់ថាការធ្វើបាបម៉ូតូនេះកើតឡើងដោយសារតែឥទ្ធិពលគ្រឿងញៀន។ ការពិនិត្យទឹកនោមបានបញ្ជាក់ថា អ្នកសង្ស័យមានសារធាតុញៀននៅក្នុងរាងកាយ។

ការឃាត់ខ្លួននេះត្រូវបានធ្វើឡើងក្រោមការដឹកនាំរបស់អធិការនគរបាលស្រុកគាស់ក្រឡ លោកអនុសេនីយ៍ឯក ចាន់ ថានូ ដោយមានការគាំទ្រពីកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឆ្នាល់មាន់។
បច្ចុប្បន្ន ករណីនេះត្រូវបាននគរបាលស្រុកកសាងសំណុំរឿងយ៉ាងហ្មត់ចត់ និងបញ្ជូនទៅកាន់ការិយាល័យជំនាញដើម្បីអនុវត្តតាមនីតិវិធីច្បាប់។ វត្ថុតាងដែលត្រូវបានដកហូតមានកាំបិតដងឈើចំនួន០១ដើម។
ដោយ៖ សូរិយា
