ខេត្តបន្ទាយមានជ័យ៖ បុរសម្នាក់បានស្លាប់ភ្លាមៗ និងម្នាក់ទៀតរងរបួសធ្ងន់ បន្ទាប់ពីយកគ្រាប់បែកចង្កោមមកបោកលេងនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦។

ហេតុការណ៍គ្រោះថ្នាក់នេះកើតឡើងនៅវេលាម៉ោង១១:៣០នាទី នៅភូមិបឹងស្នោ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ ជនរងគ្រោះឈ្មោះ ចាន់ សារ៉េត អាយុ៤៤ឆ្នាំ បានស្លាប់នៅកន្លែងកើតហេតុ ខណៈឈ្មោះ តា ចាស់ អាយុ៤៧ឆ្នាំ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យមិត្តភាព កម្ពុជា-ជប៉ុន មង្គលបុរី។
សមត្ថកិច្ចបានបញ្ជាក់ថា ហេតុការណ៍នេះបណ្តាលមកពីជនរងគ្រោះ ចាន់ សារ៉េត កាន់គ្រាប់បែកចង្កោមមកបោកលេងនៅផ្ទះរបស់ តា ចាស់។
អាជ្ញាធរមីនកម្ពុជាបានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យប្រុងប្រយ័ត្ន និងកុំប៉ះពាល់គ្រាប់បែក មីន ឬវត្ថុចម្លែកណាមួយដែលសង្ស័យថាជាគ្រាប់។ សូមរាយការណ៍ភ្លាមទៅអាជ្ញាធរមានសមត្ថកិច្ច ប៉ុស្តិ៍នគរបាល ឬប្រតិបត្តិករបោសសម្អាតមីន។
ដោយ៖ ចន្ទ លីហ្សា
