ACU ចាប់ខ្លួនមន្ត្រីរបស់ខ្លួន ២នាក់ និងអ្នកពាក់ព័ន្ធម្នាក់ ពាក់ព័ន្ធបទល្មើសរំលោភអំណាច

ACU ចាប់ខ្លួនមន្ត្រីរបស់ខ្លួន ២នាក់ និងអ្នកពាក់ព័ន្ធម្នាក់ ពាក់ព័ន្ធបទល្មើសរំលោភអំណាច

រាជធានីភ្នំពេញ – អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានឃាត់ខ្លួនមន្ត្រីរបស់ខ្លួនចំនួន ២នាក់ និងអ្នកពាក់ព័ន្ធម្នាក់ទៀត ពាក់ព័ន្ធនឹងបទល្មើសរំលោភអំណាច មានទ្រព្យសម្បត្តិដោយខុសច្បាប់ និងមិនប្រកាសទ្រព្យសម្បត្តិ។

ACU ចាប់ខ្លួនមន្ត្រី

លោក សយ ច័ន្ទវិចិត្រ អ្នកនាំពាក្យ ACU បានប្រាប់សារព័ត៌មានកោះសន្តិភាព នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ ថា អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានឃាត់ខ្លួនមនុស្សចំនួន ៣នាក់ និងបានបញ្ជូនសំណុំរឿងទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។

ជនសង្ស័យទាំង ៣នាក់រួមមាន៖

១. ឈ្មោះ ជឹម អូន ភេទប្រុស អាយុ៣៨ឆ្នាំ ជាមន្ត្រីនាយកដ្ឋានស៊ើបអង្កេត និងចារកម្ម នៃអង្គភាពប្រឆាំងអំពើពុករលួយ ជាប់សង្ស័យពីបទរំលោភអំណាច មានទ្រព្យសម្បត្តិដោយខុសច្បាប់ និងមិនប្រកាសទ្រព្យសម្បត្តិ និងបំណុល។

២. ឈ្មោះ ជឹម សុខជឿន ភេទប្រុស អាយុ៣២ឆ្នាំ ជាជំនួសការ ជឹម អូន ជាប់សង្ស័យពីបទសមគំនិត ក្នុងអំពើរំលោភអំណាច។

៣. ឈ្មោះ ភេន រចនា ភេទស្រី អាយុ៣៦ឆ្នាំ អតីតមន្ត្រីជាប់កិច្ចសន្យានៃនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ នៃអង្គភាពប្រឆាំងអំពើពុករលួយ ជាប់សង្ស័យពីបទសមគំនិតក្នុងអំពើរំលោភអំណាច។

ការចាប់ខ្លួនមន្ត្រី ACU

មនុស្សប្រុសស្រីទាំង ៣នាក់ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ រួចហើយ៕

អត្ថបទសរសេរដោយ សហការី
កែសម្រួលដោយ កៀន សុឃាក់

administrator

Related Articles