ភ្លៀងគ្រាប់បែកកំពុងធ្លាក់ច្រើនឡើងៗនៅតំបន់មជ្ឈិមបូព៌ា ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង បានលើកសំឡេងអំពាវនាវឱ្យសម្ព័ន្ធមិត្តផ្អាកការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងប្រព័ន្ធថាមពលភ្លាមៗ។

នៅលើវេទិកាសង្គម X លោកម៉ាក្រុងបានសង្កត់ធ្ងន់ថា៖ “យើងត្រូវការការពារប្រជាជនស៊ីវិល និងធានាស្ថិរភាពថាមពល។ ការវាយប្រហារលើរោងចក្រឧស្ម័ន ប្រព័ន្ធទឹក និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗអាចបង្កវិបត្តិពិភពលោក។”
ប្រធានាធិបតីបារាំងបានបង្ហាញថា លោកបានពិភាក្សាផ្ទាល់ជាមួយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងអេមៀរកាតា សេក តាមីម ប៊ីន ហាម៉ាដ អាល់-ថានី ដើម្បីលើកយកគំនិតផ្អាកការវាយប្រហារនេះ។

ការចេញសំឡេងរបស់លោកម៉ាក្រុងមកបន្ទាប់ពីមានការវាយប្រហារតាមអាកាសលើរោងចក្រឧស្ម័ននៅអ៊ីរ៉ង់ និងកាតា ដែលបង្កើនការព្រួយបារម្ភពីសន្តិសុខថាមពលពិភពលោក។ លោកបានបញ្ជាក់យ៉ាងច្បាស់ថា៖ “ប្រជាជន តម្រូវការមូលដ្ឋាន និងស្ថិរភាពថាមពលមិនអាចរងផលប៉ះពាល់ពីជម្លោះយោធាបានទេ។”
សហភាពអឺរ៉ុបក៏បានចូលរួមសម្ពាធដែរ ដោយអំពាវនាវឱ្យអ៊ីស្រាអែលបញ្ចប់ប្រតិបត្តិការយោធានៅលីបង់ ដើម្បីជៀសវាងវិបត្តិមនុស្សធម៌។ អ្នកជំនាញយល់ឃើញថា សំណើរបស់បារាំងមិនត្រឹមតែការពារជនស៊ីវិលប៉ុណ្ណោះទេ ថែមទាំងជាយុទ្ធសាស្ត្រការពារតម្លៃថាមពលមិនឱ្យកើនឡើង ដែលអាចធ្វើឱ្យសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះ។
