ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹងព្រមានពីស្ថានភាពធាតុអាកាសដែលមានភាពគ្រោះថ្នាក់ ដោយអាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះរហូតដល់២០% នៅតាមបណ្ដាខេត្ត និងរាជធានីភ្នំពេញ។

ក្រសួងបានបញ្ជាក់ថា ស្ថានភាពនេះនឹងបន្តពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ ដោយសារឥទ្ធិពលរបបខ្យល់មូសុងឦសានដែលបក់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ និងសមុទ្រកម្ពុជា។
សម្រាប់តំបន់វាលទំនាប រួមមានខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ធំ កំពង់ឆ្នាំង សៀមរាប កំពង់ចាម ត្បូងឃ្មុំ ស្វាយរៀង តាកែវ ព្រៃវែង កណ្តាល និងភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី១៥%។ សីតុណ្ហភាពនឹងមានពី២៣°C ដល់៣៦°C។

តំបន់ខ្ពង់រាប រួមមានខេត្តកំពង់ស្ពឺ ឧត្តរមានជ័យ ប៉ៃលិន ព្រះវិហារ ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី១០%។ ចំណែកខេត្តរតនគិរីពុំមានភ្លៀងធ្លាក់ទេ។
តំបន់មាត់សមុទ្រ រួមមានខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្តប់លើផ្ទៃដីរហូតដល់២០%។ រលកសមុទ្រមានកម្ពស់ពី០,៥០ម៉ែត្រ ដល់១,០០ម៉ែត្រ។

ក្រសួងធនធានទឹក និងឧតុនិយម បានផ្ដល់អនុសាសន៍ឱ្យប្រជាពលរដ្ឋគ្រប់រូបប្រុងប្រយ័ត្ន និងថែរក្សាសុវត្ថិភាពខ្លួនឯងក្នុងអំឡុងពេលមានភ្លៀងធ្លាក់ និងខ្យល់កន្ត្រាក់។
