ញៀនថ្នាំខូចគំនិត ទើបចេញពន្ធនាគារ លួចកាត់ចេកខ្ចីគេ ត្រូវប៉ូលីសចាប់ខ្លួនក្នុងយប់

ញៀនថ្នាំខូចគំនិត ទើបចេញពន្ធនាគារ លួចកាត់ចេកខ្ចីគេ ត្រូវប៉ូលីសចាប់ខ្លួនក្នុងយប់

ខេត្តកណ្ដាល÷ បុរសម្នាក់ដែលទើបចេញពីពន្ធនាគារ និងមានប្រវត្តិញៀនថ្នាំ ត្រូវបានកម្លាំងនគរបាលស្រុកកណ្តាលស្ទឹងចាប់ខ្លួនក្នុងយប់ ខណៈកំពុងលីផ្លែចេកខ្ចី ១ស្ទោង ដែលខ្លួនទើបនឹងលួចកាត់យកទៅលក់។

ចេកខ្ចីដែលលួចកាត់

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ២៣:០៥នាទីយប់ ថ្ងៃទី១៨ មីនា ២០២៦ នៅភូមិព្រៃតាតូច ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ សុន ជីវ័ន្ត អាយុ ២៧ឆ្នាំ មានទីលំនៅក្នុងភូមិដដែល និងមានសារធាតុញៀនក្នុងទឹកនោមវិជ្ជមាន។

បន្ទាប់ពីចាប់ខ្លួន សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមានផ្លែចេកខ្ចី ១ស្ទោង និងកាំបិតកញ្ចែត ១ដើម ដែលមានដងជ័រពណ៌ខ្មៅ និងផ្លែដែកប្រវែង ២៨សង់ទីម៉ែត្រ។

សមត្ថកិច្ចបានបង្ហាញពីដំណើរការហេតុការណ៍ថា មុនពេលកើតហេតុនៅម៉ោង ១៩:៤០យប់ ជនសង្ស័យត្រូវបានមិត្តឈ្មោះ រ៉ង (២៧ឆ្នាំ) បបួលទៅជក់គ្រឿងញៀននៅដីឡូត៍ទុកចោលខាងក្រោយផ្ទះ។ ក្រោយពេលជក់រួច ជនសង្ស័យបានឃើញផ្លែចេកខ្ចី ១ស្ទោង ធ្លាក់ក្នុងរបងដីឡូត៍ ហើយត្រឡប់ទៅផ្ទះវិញ។

លុះដល់ម៉ោង ២១:៤០យប់ ជនសង្ស័យបានយកកាំបិតដើរទៅខាងក្រោយផ្ទះ និងលួចកាត់ផ្លែចេកខ្ចីនោះ។ រហូតដល់ម៉ោង ២៣:០៥យប់ ពេលកំពុងលីផ្លែចេកដើរតាមផ្លូវលំក្នុងភូមិ ដើម្បីយកទៅលក់ឲ្យអ្នកលក់បន្លែ ស្រាប់តែប្រទះជួបកម្លាំងសមត្ថកិច្ចកំពុងល្បាត ទើបត្រូវចាប់ខ្លួន។

សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យនេះធ្លាប់លួចកាត់ផ្លែចេកខ្ចីគេ ២ដងរួចមកហើយ និងធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាលរយៈពេល ១ឆ្នាំកន្លះ ពាក់ព័ន្ធនឹងករណីប្រើប្រាស់សារធាតុញៀន។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹង ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់។

administrator

Related Articles