
ទីក្រុងតេហេរ៉ង់បានដាក់លិខិតផ្លូវការទៅកាន់អង្គការសហប្រជាជាតិ កាលពីថ្ងៃទី១៩ ខែមីនា ដោយចោទប្រកាន់អារ៉ាប់រួម (UAE) ថាបានគាំទ្រសហរដ្ឋអាមេរិកឲ្យប្រើទឹកដីរបស់ខ្លួនសម្រាប់ការវាយប្រហារអ៊ីរ៉ង់។ លិខិតនេះតម្រូវឲ្យអារ៉ាប់រួមផ្តល់សំណងសម្រាប់ការខូចខាតទាំងអស់ ដែលបានកើតឡើងដោយសារការវាយប្រហារទាំងនោះ។

លោក Amir Saeid Iravani ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិ បានចុះហត្ថលេខាលើលិខិតដែលផ្ញើទៅលោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ។ លិខិតនេះបញ្ជាក់ថា ការសម្រេចចិត្តរបស់អារ៉ាប់រួមក្នុងការអនុញ្ញាតឲ្យទឹកដីរបស់ខ្លួនត្រូវបានប្រើប្រាស់សម្រាប់ការវាយប្រហារគឺជា «ទង្វើខុសឆ្គងអន្តរជាតិ» ដែលទាមទារការទទួលខុសត្រូវពីរដ្ឋ។
ទោះជាយ៉ាងណាក៏ដោយ អារ៉ាប់រួមមិនទាន់ឆ្លើយតបចំពោះការចោទប្រកាន់នេះនៅឡើយទេ។ ការវិវត្តនេះកើតឡើងក្នុងពេលដែលអារ៉ាប់រួមជាដៃគូពាណិជ្ជកម្មធំទីពីររបស់អ៊ីរ៉ង់ បន្ទាប់ពីចិន។

បន្ទាប់ពីការវាយប្រហាររបស់អាមេរិក និងអ៊ីស្រាអែលនៅចុងខែកុម្ភៈ អារ៉ាប់រួមបានក្លាយជាគោលដៅសងសឹកសំខាន់មួយ។ តាមព័ត៌មានផ្សេងៗ ចំនួនអាវុធដែលអ៊ីរ៉ង់បានបាញ់ចូលទៅក្នុងទឹកដីអារ៉ាប់រួម គឺច្រើនជាងប្រទេសដទៃទៀត សូម្បីតែលើសពីអ៊ីស្រាអែលក៏ដោយ។
ការវិវត្តនេះបង្ហាញថា ភាពតានតឹងរវាងអ៊ីរ៉ង់ និងអារ៉ាប់រួមកំពុងកើនឡើងយ៉ាងខ្លាំង មិនត្រឹមតែក្នុងវិស័យយោធាប៉ុណ្ណោះទេ ថែមទាំងរីករាលដាលទៅវិស័យច្បាប់ និងសេដ្ឋកិច្ចផងដែរ។
