រាជធានីភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញបានសម្រេចឃុំខ្លួនបណ្ដោះអាសន្នលើជនត្រូវចោទចំនួន ៦៥ នាក់ ក្នុងនោះមានជនជាតិចិន ៨ នាក់ និងជនជាតិខ្មែរ ៥៧ នាក់ ពាក់ព័ន្ធនឹងបទឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam)។

ការសម្រេចចោទប្រកាន់នេះបានធ្វើឡើងនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ ដោយតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ តាមការបញ្ជាក់ពីលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.)។

ជនសង្ស័យទាំង ៦៥ នាក់នេះត្រូវបានសមត្ថកិច្ចនៃគណៈបញ្ជាការរដ្ឋបាលរាជធានីភ្នំពេញឃាត់ខ្លួនក្នុងប្រតិបត្តិការចុះស្រាវជ្រាវនៅទីតាំងខុនដូ ហ្គោលឌិន វ័ន អគារលេខ៤១ ជាន់ទី៣០ ផ្លូវលេខ៣៦០ ភូមិ៧ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦។
យោងតាមដីកាបង្គាប់ឱ្យឃុំខ្លួនចេញដោយលោក ប៊ុន រតនៈ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ជនត្រូវចោទទាំងនេះត្រូវបានដាក់ឱ្យស្ថិតក្រោមការពិនិត្យពីបទឆបោកមានស្ថានទម្ងន់ទោស ជាក្រុមមានការចាត់តាំង ដែលបានប្រព្រឹត្តនៅប្រទេសកម្ពុជា និងទីកន្លែងផ្សេងទៀត កាលពីអំឡុងឆ្នាំ២០២៥ ដល់ក្នុងឆ្នាំ២០២៦។

បទល្មើសនេះមានចែងឱ្យផ្ដន្ទាទោសតាមបញ្ញត្តិមាត្រា៣៧៧ មាត្រា៣៨០ នៃក្រមព្រហ្មទណ្ឌ ដែលចែងថាអំពើឆបោកត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ២ ទៅ ៥ ឆ្នាំ។

តាមរបាយការណ៍របស់ក្រសួងយុត្តិធម៌ក្នុងរយៈពេល៨ខែចុងក្រោយនេះ តុលាការកម្ពុជាបានអនុវត្តនីតិវិធីផ្លូវច្បាប់លើសំណុំរឿងពាក់ព័ន្ធនឹងការឆបោកអនឡាញ ដើម្បីផ្តន្ទាទោសមេខ្លោង និងបក្សពួកចំនួនជិត៦០០នាក់។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាមិនមែនជាកន្លែងសម្រាប់ឧក្រិដ្ឋជនបច្ចេកវិទ្យាប្រើប្រាស់ក្នុងការប្រព្រឹត្តការឆបោក ឬបទល្មើសឆ្លងដែនឡើយ។

រាល់បុគ្គល ឬអង្គភាពទាំងឡាយណាដែលនៅពីក្រោយសកម្មភាពឆបោកទាំងនេះ នឹងត្រូវប្រឈមមុខនឹងទោសទណ្ឌខ្ពស់បំផុតដោយគ្មានការយោគយល់ ឬការអន្តរាគមន៍ណាមួយឡើយ។

វិធានការដែលបាន និងកំពុងអនុវត្តទាំងនេះ នឹងអាចឱ្យកម្ពុជាឈានទៅលុបបំបាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅត្រឹមខែមេសា នាពេលខាងមុខនេះ។


