ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោក ជា វ៉ាន់ដេត បានដឹកនាំកិច្ចប្រជុំយុទ្ធសាស្ត្រជាមួយប្រតិបត្តិករទូរសព្ទចល័ត អ៊ីនធឺណិត និងខ្សែកាបអុបទិក កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ ដើម្បីប្រយុទ្ធប្រឆាំងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam)។

ក្នុងកិច្ចប្រជុំនេះ លោករដ្ឋមន្ត្រីបានស្នើឱ្យភាគីពាក់ព័ន្ធទាំងអស់ចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការលុបបំបាត់អំពើខុសច្បាប់នេះឱ្យអស់ពីកម្ពុជា។ វិធានការសំខាន់ៗរួមមានការតាមដានទីតាំងប្រើប្រាស់ចំណុះសមត្ថភាពអ៊ីនធឺណិតខ្ពស់ និងការកាត់ផ្តាច់សេវាទាំងស្រុងចំពោះទីតាំងសង្ស័យ។

លោក ជា វ៉ាន់ដេត ក៏បានដាក់ចេញកំណែទម្រង់សំខាន់ៗក្នុងក្រសួង ដោយពង្រឹងការងារនិយ័តកម្ម រៀបចំសណ្តាប់ធ្នាប់វិស័យ និងធ្វើបរិវត្តកម្មឌីជីថលទាំងក្នុងវិស័យសាធារណៈ និងឯកជន។ គោលដៅគឺផ្តល់សេវាសាធារណៈដែលមានប្រសិទ្ធភាព តម្លាភាព និងលឿនឆាប់រហ័ស។

វិធានការបន្ថែមរួមមានការពង្រឹងការគ្រប់គ្រងការប្រើប្រាស់ស៊ីម លុបចោលស៊ីមគ្មានអត្តសញ្ញាណច្បាស់លាស់ និងការប្រើប្រាស់ស៊ីមរ៉ូមីងពីបរទេស។ ក្រសួងក៏នឹងពង្រឹងវិធានការសន្តិសុខសាយប័រដើម្បីការពារប្រព័ន្ធឌីជីថល និងអនុវត្តវិធានការរដ្ឋបាល-បច្ចេកទេសផ្សេងទៀត។
ដោយ៖ តារា
