ភ្នំពេញ – កម្មករថៃម្នាក់បានបាត់បង់ជីវិតក្នុងការវាយប្រហារដោយគ្រាប់បែកចង្កោមរបស់អ៊ីរ៉ង់នៅអ៊ីស្រាអែល នៅថ្ងៃពុធទី១៨ ខែមីនា ឆ្នាំ២០២៦។

ក្រសួងការបរទេសថៃបានបញ្ជាក់ថា កម្មករថៃម្នាក់បានស្លាប់នៅតំបន់ Sharon ភាគខាងជើងទីក្រុង Tel Aviv ក្នុងពេលយប់ថ្ងៃពុធ។ ទោះបីជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលថៃមិនទាន់បញ្ចេញប្រតិកម្មផ្លូវការណាមួយនៅឡើយទេ។
លោក Panidone Pachimsawat អ្នកនាំពាក្យរងក្រសួងការបរទេសថៃ បានអំពាវនាវឱ្យពលរដ្ឋថៃទាំងអស់ដែលស្ថិតនៅតំបន់មជ្ឈិមបូព៌ា ប្រញាប់ចាកចេញឱ្យបានលឿនតាមដែលអាចធ្វើទៅបាន។
ជុំវិញហេតុការណ៍នេះ កាលពីថ្ងៃពុធទី១១ ខែមីនា កប៉ាល់ដឹកទំនិញថៃឈ្មោះ Mayuree Naree ក៏ត្រូវបានវាយប្រហារដែរ នៅពេលធ្វើដំណើរពីកំពង់ផែខាលីហ្វា ប្រទេសអារ៉ាប់រួម ឆ្ពោះទៅកាន់ឥណ្ឌា។
នាវិក២០នាក់ត្រូវបានជួយសង្គ្រោះនិងជម្លៀសទៅកាន់អូម៉ង់ដោយសុវត្ថិភាព ប៉ុន្តែនាវិក៣នាក់ទៀតនៅតែបាត់ខ្លួនរហូតមកដល់ពេលនេះ។
អ៊ីរ៉ង់បានបញ្ជាក់ថា ឆ្មាំបដិវត្តន៍ (IRGC) បានបាញ់កប៉ាល់ថៃនេះ ដោយសារតែកប៉ាល់មិនព្រមស្ដាប់ការព្រមាន ហើយបានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz ដោយខុសច្បាប់។
អត្ថបទ៖ សុខ សុវណ្ណ
