ភ្នំពេញ៖ តុលាការកម្ពុជាបានបង្កើនកម្លាំងបង្ក្រាបបទល្មើសបច្ចេកវិទ្យា ដោយសាលាដំបូងរាជធានីភ្នំពេញបានសម្រេចឃុំខ្លួនបណ្តោះអាសន្ លើជនត្រូវចោទចំនួន ៦៥នាក់ ក្នុងនោះមានជនជាតិចិន៨នាក់ និងជនជាតិខ្មែរ៥៧នាក់ ពាក់ព័ន្ធនឹងករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scam)។

ការឃុំខ្លួននេះត្រូវបានអនុវត្តដោយតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ បន្ទាប់ពីសមត្ថកិច្ចគណៈបញ្ជាការរដ្ឋបាលរាជធានីភ្នំពេញបានឃាត់ខ្លួនជនសង្ស័យទាំងនេះកាលពីថ្ងៃទី១០ ខែមីនា នៅទីតាំងខុនដូរ ហ្គោលឌិន វ័ន អគារលេខ៤១ ជាន់ទី៣០ ផ្លូវលេខ៣៦០ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង។

លោក ប៊ុន រតនៈ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានចេញដីការបង្គាប់ឃុំខ្លួនជនត្រូវចោទទាំង ៦៥នាក់ ដោយពួកគេត្រូវបានចោទប្រកាន់ពីបទឆបោកមានស្ថានទម្ងន់ទោស ជាក្រុមមានការចាត់តាំង ដែលបានប្រព្រឹត្តនៅប្រទេសកម្ពុជា និងទីកន្លែងផ្សេងទៀតក្នុងអំឡុងឆ្នាំ២០២៥ ដល់ឆ្នាំ២០២៦។
តាមបញ្ញត្តិមាត្រា ៣៨០ នៃក្រមព្រហ្មទណ្ឌ អំពើឆបោកត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ២ ទៅ ៥ ឆ្នាំ ជាពិសេសនៅពេលដែលបទល្មើសនេះត្រូវបានប្រព្រឹត្តដោយក្រុមមានការចាត់តាំង។

ក្រសួងយុត្តិធម៌រាយការណ៍ថា ក្នុងរយៈពេល៨ខែចុងក្រោយនេះ តុលាការកម្ពុជាបានអនុវត្តនីតិវិធីផ្លូវច្បាប់លើសំណុំរឿងពាក់ព័ន្ធនឹងការឆបោកអនឡាញ ដើម្បីផ្តន្ទាទោសមេខ្លោង និងបក្ខពួកចំនួនជិត៦០០នាក់។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ថា៖ “កម្ពុជាមិនមែនជាកន្លែងសម្រាប់ឧក្រិដ្ឋជនបច្ចេកវិទ្យាប្រើប្រាស់ក្នុងការប្រព្រឹត្តការឆបោកឡើយ។ រាល់បុគ្គលឬអង្គភាពទាំងឡាយណាដែលនៅពីក្រោយសកម្មភាពទាំងនេះ នឹងត្រូវប្រឈមមុខនឹងទោសទណ្ឌខ្ពស់បំផុត។”

រដ្ឋាភិបាលកម្ពុជាកំពុងបន្តធ្វើប្រតិបត្តិការបង្ក្រាបបទល្មើសបច្ចេកវិទ្យា ដោយសង្ឃឹមថានឹងអាចលុបបំបាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅត្រឹមខែមេសា ឆ្នាំ២០២៦។
ប្រភព៖ គណៈបញ្ជាការប្រឆាំងអំពើពុករលួយ
