
ព្រឹត្តិការណ៍គ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរបានកើតឡើងនៅថ្ងៃពុធទី១១ ខែមីនា ឆ្នាំ២០២៦ នៅពេលកប៉ាល់ដឹកទំនិញថៃឈ្មោះ Mayuree Naree ត្រូវកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC) វាយប្រហារដោយមីស៊ីល ក្នុងអំឡុងពេលធ្វើដំណើរពីកំពង់ផែខាលីហ្វា ប្រទេសអារ៉ាប់រួម ឆ្ពោះទៅកាន់ឥណ្ឌា។
ក្នុងហេតុការណ៍ដ៏គួរឲ្យរន្ធត់នេះ នាវិក២០នាក់ត្រូវបានជួយសង្គ្រោះដោយសុវត្ថិភាពទៅកាន់អូម៉ង់ ប៉ុន្តែនៅមាន៣នាក់ទៀតដែលរកមិនទាន់ឃើញគិតត្រឹមពេលនេះ។
កប៉ាល់ដ៏ធំនេះជាកម្មសិទ្ធិក្រុមហ៊ុន Precious Shipping Public Company Limited (PSL) ដែលសាងសង់ឡើងក្នុងឆ្នាំ២០១៤ មានប្រវែង១៩៩ម៉ែត្រ ទទឹង៣២ម៉ែត្រ និងទម្ងន់ផ្ទុកប្រហែល៦៤,០០០តោន។
អ្នកវិភាគសេដ្ឋកិច្ចបានប៉ាន់ស្មានថា ការខាតបង់របស់ថៃពីព្រឹត្តិការណ៍នេះអាចឈានដល់រាប់រយលានដុល្លារ។ កប៉ាល់ដ៏ថ្លៃនេះមានតម្លៃទីផ្សារចន្លោះពី២៥-៣៥លានដុល្លារ ហើយទំនិញដែលវាដឹកទៅកាន់ឥណ្ឌាក៏មានតម្លៃរាប់លានដុល្លារទៀត។

ផលប៉ះពាល់ធ្ងន់ធ្ងរបំផុតគឺការបង្ខំឲ្យកប៉ាល់ថៃផ្សេងទៀតត្រូវប្តូរផ្លូវ ឬផ្អាកការធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz ដែលធ្វើឲ្យតម្លៃដឹកជញ្ជូនកើនឡើងចន្លោះពី២០-៥០%។ ថៃដែលនាំចេញទំនិញរាប់ពាន់លានដុល្លារក្នុងមួយឆ្នាំទៅកាន់តំបន់នេះ អាចខាតបង់ចំណូលប្រហែល២០០-៣០០លានដុល្លារក្នុងមួយខែ ប្រសិនបើវិបត្តិនេះមិនត្រូវបានដោះស្រាយ។
រដ្ឋាភិបាលថៃបានចាប់ផ្តើមអង្វរអ៊ីរ៉ង់ឲ្យអនុញ្ញាតកប៉ាល់ដឹកទំនិញរបស់ខ្លួនឆ្លងកាត់ច្រក Hormuz ដោយសុវត្ថិភាព ដើម្បីការពារពាណិជ្ជកម្មជាតិពីការខាតបង់បន្ថែមទៀត។
