ភ្នំពេញ – មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន និងកូនស្រីវ័យជំទង់ គីម ជូអេ បានបង្ហាញខ្លួនជិះរថក្រោះយោធាជាមួយទាហាន ក្នុងពេលហ្វឹកហាត់យោធាថ្មីៗនេះ។

ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) រាយការណ៍ថា លោក គីម ជុងអ៊ុន បានត្រួតពិនិត្យការបាញ់ប្រហារ និងសមយុទ្ធផ្សេងៗពាក់ព័ន្ធនឹងអង្គភាពរថក្រោះ និងកងទ័ពថ្មើរជើងកាលពីថ្ងៃព្រហស្បតិ៍។
ក្មេងស្រីអាយុ ១៣ឆ្នាំនេះ ត្រូវបានគេសង្ស័យថាជាអ្នកស្នងមរតកពីឪពុក បន្ទាប់ពីបានអមដំណើរឪពុកទៅកាន់ព្រឹត្តិការណ៍យោធាជាច្រើនចាប់តាំងពីចុងឆ្នាំ២០២២។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងហៅនាងថា៖ «ជាកូនគួរឱ្យស្រឡាញ់បំផុត និងគួរឱ្យគោរព របស់លោក គីម ជុងអ៊ុន»។
កាលពីសប្តាហ៍មុន អ្នកទាំងពីរបានបាញ់កាំភ្លើងខ្លី និងមើលការសាកល្បងបាញ់រ៉ុក្កែតជាច្រើន។ ការហ្វឹកហាត់យោធានេះកើតឡើងនៅពេលសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងកំពុងចូលរួមក្នុងសមយុទ្ធយោធាប្រចាំឆ្នាំរបស់ពួកគេ។
