ភ្នំពេញ៖ ជនសង្ស័យជនជាតិចិនម្នាក់ត្រូវបានកម្លាំងជំនាញអធិការដ្ឋាននគរបាលខណ្ឌដង្កោចាប់ឃាត់ខ្លួននាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ដើម្បីចាត់ការតាមច្បាប់ពាក់ព័ន្ធករណីគាស់ទម្លុះទម្លាយទ្វារផ្ទះលួចយកម៉ូតូ។

ឧកាស័យបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ហង្ស ធីតា ភេទស្រី អាយុ៥៥ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅផ្ទះលេខ៥២ ផ្លូវលេខ១១ បុរីប៉េងហួត សង្កាត់ជើងឯក ខណ្ឌដង្កោ។
ចំណែកជនសង្ស័យឈ្មោះ LIU JIAN ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិចិន មុខរបរចុងភៅ ស្នាក់នៅផ្ទះលេខ៦១ ផ្លូវM១១ បុរីប៉េងហួត ដដែល។
សម្ភារៈបាត់បង់៖ ម៉ូតូម៉ាកហុងដា ZOOMER-X ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1IL-1521 ចំនួន០១គ្រឿង។ វត្ថុតាងចាប់យក៖ ទូរស័ព្ទដៃម៉ាកវីវ៉ូ ពណ៌ខៀវ ចំនួន០១គ្រឿង។

តាមការបង្ហាញពីសមត្ថកិច្ច កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៦ ជនរងគ្រោះបានធ្វើដំណើរទៅក្រៅប្រទេស ហើយបានទុកម៉ូតូនៅក្នុងផ្ទះ ដោយបានផ្តាំផ្ញើឲ្យក្មួយឈ្មោះ ជួ ប៉េងហាក់ មើលថែផ្ទះ។
លុះដល់ថ្ងៃទី១០ ខែមីនា អ្នកជិតខាងបានទូរស័ព្ទប្រាប់ថា ឃើញផ្ទះមានស្នាមគាស់ទម្លុះទម្លាយ។ ពេលជួ ប៉េងហាក់ ទៅដល់ក៏បានឃើញម៉ូតូបាត់ ហើយបានរាយការណ៍ទៅសន្តិសុខ។
ការតាមដានកាមេរ៉ាសុវត្ថិភាពបានបង្ហាញថា នៅវេលាម៉ោង០១:៣៨នាទី ថ្ងៃទី០៨ ខែមីនា ជនសង្ស័យបានគាស់ទម្លុះទម្លាយទ្វារផ្ទះខាងក្រោយ ចូលលួចម៉ូតូ រួចជិះគេចខ្លួន។
អស្ចារ្យជាងនេះទៅទៀត នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង២៣:៣០នាទី ជនសង្ស័យបានត្រឡប់មកធ្វើសកម្មភាពម្តងទៀត តែត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនភ្លាមៗ។
ក្រោយពីធ្វើការសាកសួរ ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានលួចម៉ូតូ រួចយកទៅលក់ឲ្យជនជាតិចិនម្នាក់ទៀតបាន២៤០ដុល្លារ ហើយបានយកលុយទៅស៊ីចាយអស់ហើយ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចជំនាញកសាងសុំណុំរឿងបញ្ចូនទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់។
ដោយ៖ ភារ៉ា ដង្កោ
