ពលរដ្ឋភៀសសឹក ៣៣នាក់ទៀតវិលទៅលំនៅឋានវិញ នៅសល់ ៣៦,៣៧៥នាក់ក្នុងជំរំ

ពលរដ្ឋភៀសសឹក ៣៣នាក់ទៀតវិលទៅលំនៅឋានវិញ នៅសល់ ៣៦,៣៧៥នាក់ក្នុងជំរំ

ភ្នំពេញ៖ ក្រសួងមហាផ្ទៃបានផ្សព្វផ្សាយថា ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ មានពលរដ្ឋភៀសសឹក៣៣នាក់ទៀតបានវិលត្រឡប់ទៅលំនៅឋានដើមរបស់ខ្លួនវិញ។

ពលរដ្ឋភៀសសឹកក្នុងជំរំ

យោងតាមក្រសួងមហាផ្ទៃ ចាប់ពីម៉ោង៦ព្រឹកថ្ងៃទី១៩ ដល់ម៉ោង៦ព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ពលរដ្ឋភៀសសឹក៣៣នាក់បានវិលទៅលំនៅឋានវិញ។ នេះបញ្ជាក់ថា ក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង៦សែន៤ម៉ឺននាក់ មានជាង៦សែន១ម៉ឺននាក់ (ស្មើ៩៤%) បានវិលត្រឡប់ទៅលំនៅឋានវិញរួចហើយ។

ស្ថានភាពពលរដ្ឋភៀសសឹក

ទោះជាយ៉ាងណា នៅមានពលរដ្ឋភៀសសឹកចំនួន៣៦,៣៧៥នាក់ទៀត ដែលកំពុងស្នាក់នៅក្នុងជំរំបណ្តោះអាសន្ន។ ក្នុងនោះមានស្ត្រី១៨,៨៣០នាក់ និងកុមារ១២,៣១០នាក់ ដែលមិនទាន់អាចវិលទៅលំនៅឋានវិញបាន។

ការភៀសសឹកទ្រង់ទ្រាយធំនេះបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជីវភាពប្រជាពលរដ្ឋ រួមមានការបាត់បង់មុខរបរ បញ្ហាសុខភាព សិទ្ធិលំនៅឋាន និងជាពិសេសសិទ្ធិទទួលបានការសិក្សារបស់កុមារ។ ការប៉ះទង្គិចផ្លូវចិត្តក៏ជាបញ្ហាដ៏ធ្ងន់ធ្ងរមួយផងដែរ។

ស្ថានភាពកាន់តែធ្ងន់ធ្ងរឡើងទៀត នៅពេលដែលពលរដ្ឋភៀសសឹកមួយចំនួន ទោះបីវិលទៅដល់ភូមិកំណើតរបស់ខ្លួនក៏ដោយ ត្រូវបង្ខំចិត្តស្នាក់នៅក្នុងជំរុំបណ្តោះអាសន្នជាថ្មីទៀត។ ហេតុផលគឺដោយសារផ្ទះសំបែងរបស់ពួកគេត្រូវបានខូចខាតខ្ទេចរាបដល់ដី ហើយតំបន់នោះក៏ពោរពេញដោយសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះរបស់យោធាថៃផងដែរ។

ដោយ៖ តារា

administrator

Related Articles