ខេត្តកំពត៖ គ្រោះថ្នាក់ចរាចរណ៍ដ៏សែនឈឺចាប់បានកើតឡើងនៅលើផ្លូវជាតិលេខ៣១ កាលពីព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ នៅក្នុងភូមិព្រៃតាព្រឹត ឃុំស្តេចគង់ខាងលិច ស្រុកបន្ទាយមាស ដោយបណ្តាលឱ្យបុរសម្នាក់ដែលជាប្តីបានស្លាប់នៅនឹងកន្លែង និងស្ត្រីជាប្រពន្ធរងរបួសយ៉ាងធ្ងន់។

ហេតុការណ៍នេះកើតឡើងនៅម៉ោង ១១:៣០នាទីព្រឹក នៅពេលដែលប្តីប្រពន្ធទាំងពីរនាក់កំពុងជិះម៉ូតូឌុបគ្នា ត្រូវរថយន្តធុនធំបុកពេញទំហឹង។ សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះដែលបានបាត់បង់ជីវិតមានឈ្មោះ កែប ធឹម អាយុ ៦៨ឆ្នាំ ចំណែកស្ត្រីជាប្រពន្ធឈ្មោះ ដួង ញន អាយុ ៦៥ឆ្នាំ។ គូស្វាមីភរិយានេះរស់នៅភូមិកោះចម្ការ ឃុំបឹងសាលាខាងត្បូង ស្រុកកំពង់ត្រាច។

អស្ចារ្យជាងនេះទៅទៀត ប្រភពបានឱ្យដឹងថា មុនពេលកើតហេតុ គូស្វាមីភរិយានេះទើបតែចេញពីផ្ទះទៅរកគ្រូគន់គូរពីជោគជិតារាសី។ គ្រូទាយបានប្រាប់ថា អ្នកមានគ្រោះថ្នាក់ធំណាស់ ហើយគួរទៅនិមន្តព្រះសង្ឃចម្លងគ្រោះចេញទៅ។ ជាអកុសល មិនទាន់ទៅដល់ផ្ទះវិញ ទាំងពីរនាក់បានជួបគ្រោះថ្នាក់ធំពិតប្រាកដមែន។
សមត្ថកិច្ចបានរាយការណ៍ថា មុនហេតុការណ៍កើតឡើង គេឃើញបុរសម្នាក់បើកម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខកំពត1L-7206 និងឌុបស្ត្រីម្នាក់ក្នុងទិសដៅពីជើងទៅត្បូង។ លុះមកដល់ចំណុចផ្លូវបំបែកជា២ ម៉ូតូបានបើកឆ្លងទៅផ្លូវផ្នែកខាងឆ្វេង ដោយខ្វះការប្រុងប្រយ័ត្ន ស្របពេលរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខព្រះសីហនុ 3A-2299 មកពីក្រោយ ក៏បុកពេញទំហឹង។

បណ្តាលឱ្យបុរសអ្នកបើកម៉ូតូស្លាប់នៅនឹងកន្លែង យ៉ាងអាណោចអាធម។ ចំណែកស្ត្រីជាប្រពន្ធរងរបួសយ៉ាងធ្ងន់ ត្រូវរថយន្តដឹកទៅកាន់មន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រាច ដើម្បីសង្រ្គោះបន្ទាន់។ ដោយឡែក អ្នកបើកបររថយន្តបានរត់គេចបាត់ ដោយបន្សល់ទុករថយន្តនៅនឹងកន្លែងកើតហេតុ។

ក្រោយពីវាស់វែងរួចរាល់ សមត្ថកិច្ចបានប្រគល់សពជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។ ដោយឡែកស្ត្រីជាប្រពន្ធនៅតែកំពុងសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រាច។ ករណីនេះនៅតែស្ថិតក្រោមការស៊ើបអង្កេតរបស់សមត្ថកិច្ចដើម្បីរកអ្នកបើកបររថយន្តដែលរត់គេចបាត់។
