ភ្នំពេញ – បណ្តាប្រទេសធំៗនៅអឺរ៉ុប និងជប៉ុន បានចេញសេចក្តីថ្លែងការណ៍រួមមួយកាលពីថ្ងៃព្រហស្បតិ៍ ដោយប្រកាសថា ពួកគេត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមកិច្ចខិតខំប្រឹងប្រែងធានាសុវត្ថិភាពសម្រាប់ការដឹកជញ្ជូនតាមរយៈច្រកសមុទ្រហ័រមូហ្ស។

ការប្រកាសនេះធ្វើឡើងក្រោយមានការទាមទារជាបន្តបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ឱ្យបណ្ដាប្រទេសផ្សេងៗរួមដៃគ្នាជួយអាមេរិកក្នុងការធានាសុវត្ថិភាពច្រកហ័រមូហ្ស ដែលជាផ្លូវដឹកជញ្ជូនប្រេងដ៏សំខាន់របស់ពិភពលោក។
ប្រទេសធំៗទាំងនោះ រួមមាន ចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ អ៊ីតាលី ហូឡង់ និងជប៉ុន។ ពួកគេបាននិយាយក្នុងសេចក្ដីថ្លែងការណ៍ថា៖ «យើងសូមអំពាវនាវដល់អ៊ីរ៉ង់ឱ្យបញ្ឈប់ជាបន្ទាន់នូវការគំរាមកំហែង ការដាក់មីន ការវាយប្រហារដោយដ្រូន និងមីស៊ីល និងការប៉ុនប៉ងផ្សេងទៀតដើម្បីបិទច្រកសមុទ្រ។»
ការបិទច្រកសមុទ្រហ័រមូហ្ស បានក្លាយជាអាវុធដ៏សំខាន់មួយសម្រាប់អ៊ីរ៉ង់ ក្នុងការឆ្លើយតបទៅនឹងការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល។ ការបិទនេះ បានបង្កការរាំងស្ទះដល់ដំណឹកជញ្ជូនទំនិញសំខាន់ៗពីមជ្ឈិមបូព៌ា រួមទាំងប្រេងកាត ដែលធ្វើឱ្យថ្លៃដឹកជញ្ជូន និងថាមពល ហក់ឡើងទូទាំងសកលលោក។

«យើងសូមបង្ហាញការត្រៀមខ្លួនរួចជាស្រេច ក្នុងការរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងធានាបាននូវការធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រដោយសុវត្ថិភាព។ យើងសូមស្វាគមន៍ចំពោះការប្តេជ្ញាចិត្តរបស់ប្រទេសនានា ដែលកំពុងចូលរួមក្នុងការរៀបចំផែនការនេះ» ពួកគេបន្ត។
ក្រៅពីនោះ ប្លុកដដែលបានស្វាគមន៍ចំពោះការសម្រេចចិត្តរបស់ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) ដើម្បីអនុញ្ញាតឱ្យមានការបញ្ចេញទុនបម្រុងប្រេងកាតជាយុទ្ធសាស្ត្រ។ ពួកគេបានបន្ថែមថា ពួកគេនឹងចាត់វិធានការផ្សេងទៀត ដើម្បីធ្វើឱ្យទីផ្សារថាមពលមានស្ថេរភាព។
