ព្រុចសែល – ប្រធានអង្គការណាតូ (NATO) លោក Mark Rutte បានអះអាងដោយមានទំនុកចិត្តយ៉ាងខ្លាំងថា សម្ព័ន្ធមិត្តអឺរ៉ុបនឹងរកគ្រប់វិធីសាស្រ្តដើម្បីបើកច្រកសមុទ្រ Hormuz ឡើងវិញ បន្ទាប់ពីច្រកដឹកប្រេងសំខាន់នេះត្រូវបានបិទដោយអ៊ីរ៉ង់។

កាលពីថ្ងៃព្រហស្បតិ៍ លោក Rutte បានប្រាប់អ្នកកាសែតនៅទីក្រុងព្រុចសែលថា៖ «សម្ព័ន្ធមិត្តទាំងអស់កំពុងពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ជាមួយសហរដ្ឋអាមេរិក ដើម្បីរកមធ្យោបាយល្អបំផុតក្នុងការដោះស្រាយបញ្ហាសន្តិសុខដ៏ធំនេះ»។
លោកបន្តថា៖ «ខ្ញុំជឿជាក់ថាសម្ព័ន្ធមិត្តដូចសព្វដងដែរនឹងធ្វើអ្វីគ្រប់យ៉ាង ដើម្បីគាំទ្រផលប្រយោជន៍រួមរបស់យើង។ ដូច្នេះយើងនឹងរកវិធីដោះស្រាយដើម្បីឆ្ពោះទៅមុខជាមួយគ្នា»។
គួរបញ្ជាក់ថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានអំពាវនាវដល់ដៃគូអឺរ៉ុបឱ្យជួយធានាសុវត្ថិភាពសរសៃឈាមពាណិជ្ជកម្ម ប៉ុន្តែសំណើនេះត្រូវបានបដិសេធទាំងស្រុង។
លោកត្រាំក៏បានរិះគន់សម្ព័ន្ធមិត្តណាតូដោយព្រមានថា អាមេរិកអាចពិចារណាឡើងវិញពីតួនាទីរបស់ខ្លួននៅក្នុងសម្ព័ន្ធភាពនេះ។ កាលពីថ្ងៃអង្គារ លោកបានអះអាងថាលែងត្រូវការការគាំទ្រពីអឺរ៉ុបសម្រាប់ប្រតិបត្តិការនេះទៀតហើយ។

ទោះជាយ៉ាងណា លោក Rutte បានអះអាងថា៖ «ក្នុងសង្គ្រាមរបស់លោកត្រាំ មានការគាំទ្រយ៉ាងច្រើនក្នុងចំណោមសម្ព័ន្ធមិត្ត។ យើងសរសើរសហរដ្ឋអាមេរិកម្តងហើយម្តងទៀត ចំពោះការធ្វើឱ្យយោធាអ៊ីរ៉ង់ចុះខ្សោយ រួមទាំងមីស៊ីលផ្លោង និងសមត្ថភាពនុយក្លេអ៊ែរផងដែរ»។
លោកបន្តថា៖ «អ្វីដែលសហរដ្ឋអាមេរិកកំពុងធ្វើនៅពេលនេះ គឺធ្វើឱ្យសមត្ថភាពរបស់អ៊ីរ៉ង់ចុះខ្សោយ ហើយខ្ញុំគិតថាវាសំខាន់ណាស់។ នេះជារឿងសំខាន់សម្រាប់សន្តិសុខអឺរ៉ុប មជ្ឈិមបូព៌ា និងសម្រាប់អ៊ីស្រាអែលផងដែរ»។
ព័ត៌មាននេះត្រូវបានផ្សាយដោយ Politico នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦។
