ខេត្តកណ្ដាល៖ កម្លាំងនគរបាលស្រុកអង្គស្នួលបានបើកប្រតិបត្តិការបង្ក្រាបជួញដូរគ្រឿងញៀនយ៉ាងទាន់ពេលវេលា ដោយឃាត់ខ្លួនជនសង្ស័យប្រុសស្រី៣នាក់ ក្នុងចំណោមបក្ខពួក៥នាក់ នៅភូមិព្រៃទំពូង និងភូមិអង្គស្នួលទី២ ឃុំពើក ស្រុកអង្គស្នួល។

ប្រតិបត្តិការនេះធ្វើឡើងកាលពីវេលាម៉ោង០៩និង៤០នាទីព្រឹក ថ្ងៃទី២០ មីនា ២០២៦ បន្ទាប់ពីមហាជនបានរាយការណ៍ចូលទៅក្នុងកម្មវិធី NoDrug របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។
ជនសង្ស័យដែលត្រូវឃាត់ខ្លួនមានឈ្មោះ ថុន ផានិត (ហៅចិន) អាយុ២៨ឆ្នាំ, ម៉ង់ ម៉ៅ អាយុ៣៤ឆ្នាំ និង ព្រឿង ចន្ថា អាយុ២៨ឆ្នាំ។ ជនទាំង៣នាក់នេះមានសារធាតុញៀនក្នុងទឹកនោមវិជ្ជមានដូចគ្នា។

សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន ម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន៦កញ្ចប់តូច (ទម្ងន់១,៤៩ក្រាម), ទូរស័ព្ទដៃ២គ្រឿង, អាយផេត១គ្រឿង និងសម្ភារៈប្រើប្រាស់វេចខ្ចប់មួយចំនួន។
ជនសង្ស័យថុន ផានិត បានសារភាពថា ខ្លួនទិញថ្នាំញៀនពីឈ្មោះ ឈួន ពយ ក្នុងតម្លៃ២ម៉ឺនរៀល ដើម្បីយកទៅប្រើប្រាស់និងលក់បន្ត។ ចំណែកឯជនសង្ស័យម៉ង់ ម៉ៅ បានសារភាពថា ថ្នាំញៀននេះជារបស់ខ្លួន ដែលទិញពីឈ្មោះ ឈួន ពយ ក្នុងតម្លៃ២ម៉ឺនរៀល ដើម្បីយកមករំលែកលក់បន្ត។
បច្ចុប្បន្ន ជនសង្ស័យទាំង៣នាក់ ព្រមទាំងវត្ថុតាង ត្រូវបានកម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។
