ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសផ្តល់ប្រាក់សោហ៊ុយធ្វើដំណើរបន្ថែមចំនួន ២,៥០ដុល្លារអាម៉េរិកក្នុងមួយខែ ដល់កម្មករនិយោជិត ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦។

ការសម្រេចចិត្តនេះបានធ្វើឡើងក្រោយពីក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាបានបើកកិច្ចប្រជុំបន្ទាន់នៅថ្ងៃទី២០ មីនា ២០២៦ ដើម្បីពិនិត្យលទ្ធភាពសម្រួលបន្ទុកចំណាយសោហ៊ុយធ្វើដំណើររបស់កម្មករ ដោយសារវិបត្តិប្រេងឥន្ធនៈជាសកល។

តំណាងភាគីកម្មករនិយោជិតបានថ្លែងអំណរគុណដល់សម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានចាត់វិធានការធានាការផ្គត់ផ្គង់ប្រេងឥន្ធនៈ និងកាត់បន្ថយពន្ធអាករលើការនាំចូលប្រេងឥន្ធនៈ។

ប្រាក់សោហ៊ុយបន្ថែមនេះនឹងត្រូវផ្តល់ជាលក្ខណៈបណ្តោះអាសន្ន បន្ថែមលើប្រាក់សោហ៊ុយធ្វើដំណើរ និងស្នាក់នៅដែលសហគ្រាសកំពុងអនុវត្ត រហូតដល់ស្ថានភាពតម្លៃប្រេងឥន្ធនៈវិលមករកប្រក្រតីភាពវិញ។

ក្រសួងក៏សូមអំពាវនាវឱ្យកម្មករប្រើប្រាស់មធ្យោបាយធ្វើដំណើររួម ឬរថយន្តក្រុងដែលផ្តល់ដោយរដ្ឋាភិបាល ដើម្បីកាត់បន្ថយចំណាយថ្លៃធ្វើដំណើរ។

ការសម្រេចចិត្តនេះគឺជាផ្នែកនៃវិធានការបន្ទាន់ដើម្បីជួយសម្រាលបន្ទុកចំណាយដល់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ ក្នុងអំឡុងពេលវិបត្តិប្រេងឥន្ធនៈជាសកល។
