ខេត្តសៀមរាប៖ អាជ្ញាធរជាតិអប្សរា បានរៀបចំពិធីស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ សម្រាប់ព្រឹត្តិការណ៍សមរាត្រី (Equinox) ដែលនឹងប្រារព្ធឡើងនៅប្រាសាទអង្គរវត្ត ចាប់ពីថ្ងៃទី១៩ ដល់ទី២៣ ខែមីនា ឆ្នាំ២០២៦។

ព្រឹត្តិការណ៍ដ៏ពិសេសនេះ ដែលត្រូវបានគេស្គាល់ថា «ថ្ងៃរះចំកំពូលប្រាង្គកណ្តាលនៃប្រាសាទអង្គរវត្ត» នឹងកើតឡើងនៅថ្ងៃទី២១ មីនា ដោយអាជ្ញាធរជាតិអប្សរាបានរៀបចំភ្នាក់ងារសណ្តាប់ធ្នាប់ និងភ្នាក់ងារទេសចរណ៍ជាច្រើន ដើម្បីធានាសុវត្ថិភាព និងផ្តល់បទពិសោធន៍ទស្សនាដ៏ល្អប្រសើរដល់ភ្ញៀវទេសចរ។

យោងតាមអាជ្ញាធរជាតិអប្សរា ព្រឹត្តិការណ៍សមរាត្រីតែងតែទាក់ទាញភ្ញៀវទេសចរចម្រុះជាតិសាសន៍រាប់ម៉ឺននាក់ក្នុងមួយឆ្នាំៗ។ ក្នុងឆ្នាំ២០២៥ ព្រឹត្តិការណ៍នេះបានទាក់ទាញទេសចរជាតិ និងអន្តរជាតិសរុបប្រមាណ ៨ម៉ឺននាក់ មកកម្សាន្តនៅរមណីយដ្ឋានអង្គរ។

សម្រាប់ឆ្នាំ២០២៦ អាជ្ញាធរជាតិអប្សរាបានរៀបចំយ៉ាងហ្មត់ចត់ ដើម្បីសម្របសម្រួលលំហូរចរាចរណ៍ថ្មើរជើង រក្សាអនាម័យបរិស្ថាន និងធានាសុវត្ថិភាពទូទៅក្នុងអំឡុងពេល៣ថ្ងៃនៃព្រឹត្តិការណ៍នេះ។

ភ្ញៀវទេសចរអាចទស្សនាព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ដោយមកគយគន្ធថ្ងៃរះនៅអង្គរវត្ត ដែលមានទិដ្ឋភាពដ៏ត្រចះត្រចង់ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦។

អាជ្ញាធរជាតិអប្សរាបានបង្ហាញពីការសោមនស្សរីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះភ្ញៀវទេសចរទាំងអស់ ដែលនឹងអញ្ជើញមកទស្សនាព្រឹត្តិការណ៍ដ៏មានតម្លៃប្រវត្តិសាស្ត្រនេះ។


អត្ថបទសរសេរដោយ សហការី | កែសម្រួលដោយ កៀន សុឃាក់
