រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក Pete Hegseth បានបដិសេធការកំណត់ពេលវេលាច្បាស់លាស់ណាមួយ ដើម្បីបញ្ចប់ជម្លោះយោធាជាមួយអ៊ីរ៉ង់ ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃព្រហស្បតិ៍ទី១៩មីនា។

«យើងមិនចង់កំណត់ពេលវេលាច្បាស់លាស់ណាមួយលើរឿងនោះទេ ប៉ុន្តែយើងកំពុងស្ថិតក្នុងផែនការ។ ការបញ្ចប់សង្គ្រាមនឹងស្ថិតនៅលើជម្រើសរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ» លោក Hegseth បានបញ្ជាក់។
យុទ្ធនាការ «ប្រតិបត្តិការ Epic Fury» ប្រឆាំងនឹងអ៊ីរ៉ង់បានដំណើរការអស់រយៈពេលបីសប្តាហ៍មកហើយ ដោយស្វែងរកការបំផ្លាញសមត្ថភាពមីស៊ីល និងកងទ័ពជើងទឹករបស់អ៊ីរ៉ង់។

លោក Hegseth បានព្រមានថា អាមេរិកនឹងបន្តវាយប្រហារយោធាលើប្រទេសនៅមជ្ឈិមបូព៌ា ប៉ុន្តែបញ្ជាក់ថា ប្រតិបត្តិការនេះមិននាំទៅរកសង្គ្រាមដ៏យូរអង្វែងដូចសង្គ្រាមអ៊ីរ៉ាក់ក្នុងទសវត្សរ៍ឆ្នាំ២០០០នោះទេ។
«យើងកំពុងឈ្នះតាមលក្ខខណ្ឌរបស់យើង ដោយអនុវត្តតាមគោលបំណងរបស់យើង» លោកបានសង្កត់ធ្ងន់។

អាមេរិកបានវាយប្រហារគោលដៅជាង៧ពាន់នៅអ៊ីរ៉ង់ និងបានបំផ្លាញកប៉ាល់អ៊ីរ៉ង់ជាង១២០គ្រឿង តាមការបញ្ជាក់របស់លោក Hegseth។
