ភ្នំពេញ៖ កាលពីយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង១០:៤៥នាទី រថយន្ត Toyota Prius មួយគ្រឿងបានបើកបុកឡើងឃឿនសួនពុះចែកទ្រូងផ្លូវ បន្តទៅបុកបង្គោលផ្លាកសញ្ញាចរាចរណ៍ ដែលរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។

ហេតុការណ៍នេះកើតឡើងនៅត្រង់ចំណុចមុខមន្ទីរពេទ្យសែនជ័យ តាមបណ្ដោយផ្លូវណត ប៊្រីដ ស្ថិតក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា រថយន្ត Toyota Prius ពាក់ស្លាកលេខភ្នំពេញ 2BQ-7751 បើកបរដោយបុរសម្នាក់ ដែលគេសង្ស័យថាអ្នកបើកបរស្រវឹងស្រា។

នៅពេលមកដល់ចំណុចកើតហេតុ រថយន្តបានរ៉េចង្កូតទៅបុកឡើងឃឿនសួនពុះចែកទ្រូងផ្លូវ បន្តទៅបុកបង្គោលផ្លាកសញ្ញាចរាចរណ៍មួយដើម ដែលបាក់ដួលដល់ដី។ ចំណែករថយន្តក្រឡាប់ផ្ងារជើងម្ខាង ត្រូវបានបងប្អូនប្រជាពលរដ្ឋនាំគ្នាជួយលើកផ្ងាឡើងមកវិញ ហើយអ្នកបើកបរសង្ស័យរងរបួសស្រាល។

ក្រោយកើតហេតុ អ្នកបើកបររថយន្តបានគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ បន្សល់ទុកតែរថយន្ត ដែលត្រូវបានកម្លាំងសមត្ថកិច្ចជំនាញធ្វើការវាស់វែង យកទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ។
ដោយ៖ ចន្ទ លីហ្សា
