ភ្នំពេញ៖ ក្រសួងទេសចរណ៍ និងគណៈកម្មការអន្តរក្រសួង បានធ្វើកិច្ចប្រជុំពិសេស ដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងារត្រៀមរៀបចំព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០ ដែលនឹងប្រារព្ធឡើងនៅខេត្តក្រចេះ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦។

លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួង បានដឹកនាំកិច្ចប្រជុំនេះ ដោយមានការចូលរួមពីអភិបាលខេត្តក្រចេះ លោក វ៉ា ថន និងតំណាងអន្តរក្រសួង ស្ថាប័ន និងវិស័យឯកជនជាច្រើន តាមរយៈការចូលរួមដោយផ្ទាល់ និងប្រព័ន្ធបញ្ជូនរូបភាព និងសម្លេង (Zoom Meeting) សរុបចំនួន ១៣០នាក់។

ព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០ នេះ ត្រូវបានសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី អនុញ្ញាតជាគោលការណ៍ដ៏ខ្ពង់ខ្ពស់ ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ បង្ហាញសក្តានុពលធនធានធម្មជាតិ និងវប្បធម៌របស់តំបន់ជាប់ដងទន្លេ ជាពិសេសខេត្តក្រចេះ ព្រមទាំងជួយជំរុញសេដ្ឋកិច្ចរបស់ខេត្ត និងប្រជាពលរដ្ឋនៅមូលដ្ឋាន។

ក្នុងអំឡុងពេល៣ថ្ងៃនៃព្រឹត្តិការណ៍ នឹងមានសកម្មភាពចម្រុះជាច្រើន រួមមាន៖
១. ពិធីរាប់បាត្រព្រះសង្ឃ ឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធបុព្វបុរស និងវីរៈកងទ័ព
២. កម្មវិធីដុតក្រឡានក្រចេះដឹងគុណវីរៈកងទ័ព
៣. កម្មវិធីព្រលែងត្រីចូលក្នុងទន្លេ
៤. ការសម្តែងទស្សនីយភាពសិល្បៈ និងតន្ត្រី
៥. ការតាំងពិព័រណ៍សមិទ្ធផលទេសចរណ៍ និងផលិតផលក្នុងស្រុក
៦. សកម្មភាពកីឡាទេសចរណ៍
៧. កម្មវិធីបណ្តែតប្រទីប និងកម្មវិធីកម្សាន្តផ្សេងៗ

រដ្ឋបាលខេត្តក្រចេះ និងអនុគណៈកម្មការទាំងអស់ បានអះអាងថា បានត្រៀមខ្លួនរួចរាល់ក្នុងការរៀបចំព្រឹត្តិការណ៍នេះ ដើម្បីឱ្យប្រព្រឹត្តទៅដោយរលូន ទទួលការចូលរួមពីមហាជនឱ្យបានច្រើនកុះករ និងទទួលបានជោគជ័យ។

ព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តទៅក្រោមប្រធានបទ «ទន្លេបៃតង បេតិកភណ្ឌវប្បធម៌ និងធម្មជាតិមហាសាល» ដែលជាឱកាសល្អសម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរទាំងក្នុង និងក្រៅប្រទេស មកទស្សនា និងចូលរួមយ៉ាងពេញទំហឹង។

រដ្ឋមន្ត្រី ហួត ហាក់ បានថ្លែងថា ព្រឹត្តិការណ៍បុណ្យទន្លេ គឺជាព្រឹត្តិការណ៍ជាតិសំខាន់ ដែលមិនត្រឹមតែលើកកម្ពស់វិស័យទេសចរណ៍ប៉ុណ្ណោះទេ ថែមទាំងជាឱកាសបង្ហាញពីសក្តានុពលវប្បធម៌ និងធម្មជាតិដ៏ស្រស់ស្អាតរបស់ខេត្តក្រចេះ និងតំបន់ជាប់ដងទន្លេទាំងមូល។

អ្នកគ្រប់គ្រងព្រឹត្តិការណ៍ បានអំពាវនាវឱ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរទាំងអស់ មកចូលរួមក្នុងព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០ នេះ ដើម្បីទទួលបានបទពិសោធន៍វប្បធម៌ដ៏ពិសេស និងរីករាយជាមួយសកម្មភាពចម្រុះជាច្រើនដែលត្រូវបានរៀបចំឡើង។

ដោយ៖ តារា

