ភ្នំពេញ៖ អាជ្ញាធរមីនបានចេញសេចក្តីអំពាវនាវឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រាប់បែកចង្កោម និងគ្រាប់មិនទាន់ផ្ទុះដែលប្រើប្រាស់ដោយយោធាថៃ បន្ទាប់ពីការរំលោភបំពានអធិបតេយ្យភាពកម្ពុជាកាលពីឆ្នាំ២០២៥។

យោធាថៃបានប្រើប្រាស់គ្រាប់បែកចង្កោម គ្រាប់ផ្លោង និងគ្រាប់ទម្លាក់ផ្សេងៗ ដែលបណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិ និងហេដ្ឋារចនាសម្ព័ន្ធយ៉ាងធ្ងន់ធ្ងរ។ គ្រាប់ទាំងនោះនៅសេសសល់ និងរាយប៉ាយតាមបណ្តោយព្រំដែនក្នុងខេត្តព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ ពោធិ៍សាត់ និងបាត់ដំបង។

កន្លងមកថ្មីៗនេះ មានប្រជាពលរដ្ឋ និងកុមារបានរងគ្រោះថ្នាក់ដល់ជីវិត របួស និងពិការជាបន្តបន្ទាប់ដោយសារគ្រាប់ទាំងនោះ ពិសេសគ្រាប់បែកចង្កោម។ អាជ្ញាធរមីនបានផ្តល់ការណែនាំសុវត្ថិភាព៖
១. ប្រសិនបើប្រទះឃើញវត្ថុស្រដៀងគ្រាប់បែកចង្កោម សូមកុំរើស កុំកាន់ កុំគប់ កុំដំ ឬកែច្នៃជាដាច់ខាត។
២. ត្រូវរាយការណ៍ភ្លាមទៅកងកម្លាំងប្រដាប់អាវុធ នគរបាលជាតិ ឬអាជ្ញាធរមូលដ្ឋាន។

៣. សូមកុំចូលទៅក្នុងតំបន់ ឬប្រើប្រាស់ដីណាដែលសង្ស័យថាមានគ្រាប់មិនទាន់ផ្ទុះ។ ត្រូវសាកសួរព័ត៌មានឱ្យបានច្បាស់លាស់ពីអាជ្ញាធរមុននឹងចូលទៅកាន់តំបន់ទាំងនោះ។

អាជ្ញាធរមីនសង្ឃឹមយ៉ាងមុតមាំថា ប្រជាពលរដ្ឋនឹងចូលរួមអនុវត្តតាមសេចក្តីអំពាវនាវនេះ ដើម្បីសុវត្ថិភាពអាយុជីវិតទាំងអស់គ្នា។
