
រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោក ស្កុតថ៍ បេសិនថ៍ បានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិកកំពុងរៀបចំដកទណ្ឌកម្មលើប្រេងអ៊ីរ៉ង់ចំនួន ១៤០ លានបារ៉ែលដែលជាប់គាំងនៅលើសមុទ្រ ដើម្បីបន្ធូរតម្លៃប្រេងសកល។

លោកបេសិនថ៍បានប្រាប់បណ្ដាញ Fox Business Network ថា៖ «ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ យើងអាចនឹងដកទណ្ឌកម្មប្រេងអ៊ីរ៉ង់ដែលនៅលើទឹក។ វាមានប្រហែល ១៤០ លានបារ៉ែល»។ លោកបន្តថា ការដកទណ្ឌកម្មនេះនឹងជួយធ្វើឱ្យតម្លៃប្រេងធ្លាក់ចុះសម្រាប់រយៈពេល ១០ ទៅ ១៤ ថ្ងៃខាងមុខ។
តម្លៃប្រេងបានឡើងដល់ជាង ១១០ ដុល្លារ/បារ៉ែលកាលពីថ្ងៃព្រហស្បតិ៍ មុនពេលធ្លាក់ចុះមកត្រឹម ១០៥ ដុល្លារ/បារ៉ែលនៅព្រឹកថ្ងៃសុក្រ។ ការកើនឡើងនេះកើតឡើងដោយសារការបិទច្រកសមុទ្រហ័រមូហ្សរបស់អ៊ីរ៉ង់។

កាលពីសប្ដាហ៍មុន ក្រសួងរតនាគារអាមេរិកក៏បានដកទណ្ឌកម្មលើប្រេងរុស្ស៊ីចំនួន ១៣០ លានបារ៉ែលផងដែរ។ លោកបេសិនថ៍បានបន្ថែមថា អាមេរិកនឹងចាត់វិធានការផ្សេងទៀតដើម្បីបង្កើនការផ្គត់ផ្គង់ប្រេង រួមទាំងការបញ្ចេញស្តុកប្រេងពីទុនបម្រុងយុទ្ធសាស្ត្រ។
លោកបញ្ជាក់ថា ក្រសួងរតនាគារនឹងមិនជ្រៀតជ្រែកក្នុងទីផ្សារប្រេងនាពេលអនាគតទេ ប៉ុន្តែនឹងចាត់វិធានការដើម្បីបង្កើនការផ្គត់ផ្គង់រូបវន្ត ដើម្បីប៉ះប៉ូវការរាំងស្ទះផ្លូវប្រេងនៅច្រកសមុទ្រហ័រមូហ្ស។
