ភ្នំពេញ៖ មន្ទីរបញ្ចកោណអាមេរិកកំពុងបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅលើមជ្ឈដ្ឋាននយោបាយ បន្ទាប់ពីបានដាក់សំណើសុំកញ្ចប់ថវិកាជាង២០០ពាន់លានដុល្លារពីសភាជាតិ ដើម្បីទ្រទ្រង់ប្រតិបត្តិការយោធាប្រឆាំងនឹងប្រទេសអ៊ីរ៉ង់។

យោងតាមរបាយការណ៍ពីសារព័ត៌មាន The Washington Post ដែលចុះផ្សាយនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ មន្ទីរបញ្ចកោណបានជំរុញឱ្យសេតវិមានអនុម័តកញ្ចប់ថវិកាដ៏មហាសាលនេះ ក្នុងគោលបំណងពន្លឿនជាបន្ទាន់នូវការផលិតអាវុធសំខាន់ៗដែលកំពុងខ្វះខាត។
មូលហេតុសំខាន់ដែលនាំឱ្យមានការស្នើសុំទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់នេះ គឺដោយសារតែឃ្លាំងគ្រាប់រំសេវរបស់អាមេរិកបានស្រកចុះយ៉ាងខ្លាំង បន្ទាប់ពីមានការវាយប្រហារតាមអាកាសយ៉ាងសន្ធាប់រយៈពេល៣សប្តាហ៍ជាប់ៗគ្នា ពីសំណាក់កងទ័ពអាមេរិក និងអ៊ីស្រាអែល ទៅលើគោលដៅរាប់ពាន់កន្លែងក្នុងទឹកដីអ៊ីរ៉ង់។

ការស្នើសុំកញ្ចប់ថវិកាដ៏ច្រើនលើសលប់បែបនេះ ត្រូវបានគេរំពឹងថានឹងបង្កឱ្យមានជម្លោះនយោបាយយ៉ាងខ្លាំងក្លានៅក្នុងសភា ខណៈដែលសមាជិកបក្សប្រជាធិបតេយ្យបានរិះគន់យ៉ាងចាស់ដៃ ហើយការគាំទ្រពីសាធារណជននៅមានកម្រិត។
តម្លៃនៃសង្រ្គាមនៅអ៊ីរ៉ង់បានហក់ឡើងយ៉ាងរហ័ស ដោយចំណាយអស់ជាង១១ពាន់លានដុល្លារក្នុងសប្តាហ៍ដំបូងប៉ុណ្ណោះ ដែលចំនួននេះលើសពីកញ្ចប់ថវិកា១៨៨ពាន់លានដុល្លារដែលសភាធ្លាប់បានអនុម័តសម្រាប់ជួយអ៊ុយក្រែនទៅទៀត។

ការស្នើសុំថវិកានេះកំពុងបង្កើតភាពតានតឹងយ៉ាងខ្លាំងនៅក្នុងសភាអាមេរិក ដោយមានការជជែកដេញដោលយ៉ាងស្រួចស្រាវអំពីផលប៉ះពាល់របស់វាទៅលើសេដ្ឋកិច្ចជាតិ និងគោលនយោបាយការបរទេស។
