ខេត្តស្វាយរៀង – រដ្ឋបាលក្រុងបាវិតបានប្រកាសចាប់ផ្តើមគម្រោងស្ថាបនាប្រព័ន្ធបណ្តាញលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ដ៏ធំមួយ ដោយទទួលបានហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។

គម្រោងនេះជាផ្នែកនៃគម្រោងអភិវឌ្ឍន៍ទីក្រុងគួរឱ្យចង់រស់នៅ (Livable Cities Investment Project) ដែលគោលបំណងដោះស្រាយបញ្ហាទឹកកខ្វក់ក្នុងក្រុងបាវិត និងបង្កើនសុខុមាលភាពដល់ប្រជាពលរដ្ឋ។
ក្រុមហ៊ុនប៉េជើង អឺបិន ខនស្ត្រាក់ សិនគ្រុប ខូអិលធីឌី នឹងអនុវត្តការងារចុះកាយដីរៀបចំប្រព័ន្ធលូទឹកកខ្វក់តាមបណ្តោយផ្លូវជាតិលេខ១ និងផ្លូវផ្សេងៗទៀតក្នុងសង្កាត់បាវិត និងសង្កាត់បាទី។

រដ្ឋបាលក្រុងបាវិតសូមអំពាវនាវដល់ប្រជាពលរដ្ឋដែលមានសំណង់ ឬសម្ភាររំលោភលើដីចំណីផ្លូវសាធារណៈ ឱ្យរុះរើចេញជាបន្ទាន់។ ប្រសិនបើមិនអនុវត្តតាម ក្រុមការងារនឹងចុះរុះរើដោយមិនទទួលខុសត្រូវលើការខូចខាតទ្រព្យសម្បត្តិ។
គម្រោងនេះត្រូវបានរំពឹងថានឹងជួយបង្កើនគុណភាពជីវិតរបស់ប្រជាពលរដ្ឋក្នុងក្រុងបាវិត និងជួយដោះស្រាយបញ្ហាបរិស្ថានដែលបានកើតឡើងអស់ជាច្រើនឆ្នាំមកនេះ។
