ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចចម្រុះនៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានចុះបង្ក្រាបទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) មួយកន្លែង នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ នៅក្នុងបុរីពិភពថ្មីផ្សារដីហុយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។

ប្រតិបត្តិការនេះធ្វើឡើងក្រោមការបញ្ជាពីឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ។ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជនជាតិបង់ក្លាដេសចំនួន ៦នាក់ ក្នុងនោះមានម្នាក់គ្មានលិខិតឆ្លងដែន។
ពួកគេបានរកឃើញវត្ថុតាងរួមមាន កុំព្យូទ័រ All In One ១គ្រឿង និងទូរស័ព្ទដៃបម្រើការងារចំនួន ១៦គ្រឿង។

តាមការស៊ើបអង្កេតបឋម ក្រុមជនសង្ស័យបានប្រើប្រាស់បណ្តាញសង្គម Facebook Page ឈ្មោះ “BD service” និង “ক্ষুদ্র ঋন প্রকল্প” ដើម្បីផ្សព្វផ្សាយសេវាកម្ចីប្រាក់ក្លែងក្លាយ។ ពួកគេបានបន្លំអត្តសញ្ញាណខ្លួនជាបុគ្គលិកធនាគារពិភពលោក (World Bank) និងក្លែងបន្លំឯកសារផ្សេងៗ។
គោលដៅចម្បងរបស់ក្រុមនេះគឺបោកប្រាស់ប្រជាជននៅក្នុងប្រទេសបង់ក្លាដេស ដោយប្រើប្រាស់ទឹកដីកម្ពុជាជាទីតាំងប្រតិបត្តិការ។ ពួកគេតម្រូវឱ្យជនរងគ្រោះបង់ “ប្រាក់សេវារត់ការ” ជាមុន ទើបអនុម័តកម្ចី។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានប្ដេជ្ញាចិត្តបោសសម្អាតឱ្យអស់នូវបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចេញពីកម្ពុជានៅត្រឹមខែមេសា ឆ្នាំ២០២៦។ សម្តេចធិបតីបានបញ្ជាក់ថា កម្ពុជាមិនមែនជាកន្លែងសម្រាប់ឧក្រិដ្ឋជនបច្ចេកវិទ្យាប្រើប្រាស់ក្នុងការប្រព្រឹត្តការឆបោកឡើយ។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងទាំងអស់ត្រូវបានប្រគល់ជូនសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។
