ឃាតកម្មដៃឆ្អៅនៅសៀមរាប បាញ់សម្លាប់ដោយសារជម្លោះដកបង្គោលព្រំដី

ឃាតកម្មដៃឆ្អៅនៅសៀមរាប បាញ់សម្លាប់ដោយសារជម្លោះដកបង្គោលព្រំដី

ខេត្តសៀមរាប៖ កម្លាំងនគរបាលខេត្តសៀមរាប បានចាប់ខ្លួនជនដៃដល់ម្នាក់បានភ្លាមៗ ក្រោយបាញ់ជនរងគ្រោះបណ្តាលឲ្យស្លាប់ ដោយសារជម្លោះរឿងដកបង្គោលព្រំដី។ ហេតុការណ៍កើតឡើងនៅម៉ោង ៨៖៤០នាទីព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ នៅមុខផ្ទះជនរងគ្រោះ ក្បែររបងលើផ្លូវក្រាលគ្រួសក្រហម ភូមិបិតផ្កា ឃុំស្វាយលើ។

កន្លែងកើតហេតុ

របាយការណ៍នគរបាលបញ្ជាក់ថា បន្ទាប់ពីទទួលសេចក្តីរាយការណ៍ករណីបាញ់សម្លាប់ដោយកាំភ្លើងខ្លីម៉ាក K54 លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត បានចាត់តាំងកម្លាំងនគរបាលផែនការងារព្រហ្មទណ្ឌ សហការជាមួយនគរបាលស្រុកស្វាយលើ ចុះដល់កន្លែងកើតហេតុ បើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់។

កម្លាំងនគរបាលស្រាវជ្រាវ

របាយការណ៍បានបញ្ជាក់ថា ជនដៃដល់ប្រើប្រាស់កាំភ្លើងខ្លីបាញ់ជនរងគ្រោះ ឈ្មោះ អ៊ុត ថៃ អាយុ៥៥ឆ្នាំ មុខរបរកសិករ ត្រូវចំនួន៤កន្លែង បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ ជនដៃដល់បានរត់ចូលព្រៃគេចខ្លួន ដោយមានកាំភ្លើងជាប់តាមខ្លួន។

វត្ថុតាងកាំភ្លើង

ជនដៃដល់បានរត់រហូតមកដល់ចំណុចក្បែររីសត ធីសាក់ ជាប់ជើងភ្នំគូលែន ក្នុងភូមិបិតផ្កា ក៏ត្រូវបានកម្លាំងនគរបាលតាមចាប់នាវេលាម៉ោង ៩៖៤០នាទី មានចម្ងាយជិត២គីឡូម៉ែត្រពីកន្លែងកើតហេតុ។

កន្លែងចាប់ខ្លួន

ជនល្មើសមានឈ្មោះ ញឹក ម៉ៅ អាយុ៥៣ឆ្នាំ មុខកសិករ ស្រុកកំណើតភូមិគោកអំពិល ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង និងបច្ចុប្បន្នរស់នៅក្នុងឃុំស្វាយលើ។ នគរបាលបានដកវត្ថុតាងកាំភ្លើងខ្លីម៉ាក K54 មានបង់ចំនួន២បង់ គ្រាប់ចំនួន១៦គ្រប់។

ជនល្មើស

បច្ចុប្បន្ន ជនដៃដល់ខាងលើ ត្រូវបានកម្លាំងជំនាញកំពុងធ្វើការសាកសួរតាមនីតិវិធីជំនាញ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

ដោយ៖ វណ្ណា

administrator

Related Articles